Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដង្កោ ចុះចែក​ប័ណ្ណកម្មសិទ្ធិ ២៥០ប័ណ្ណ ជូនប្រជាពលរដ្ឋ​ដល់ខ្នងផ្ទះ នៅភូមិទួល​រការកុះ សង្កាត់ព្រៃស

17-08-2016 14:57

(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានរួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ចៅសង្កាត់ មេភូមិ បានចុះចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន២៥០ក្បាលដី នៅភូមិទួលរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាមួយគ្នានេះ លោកបានលើកឡើងអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ដែលជានិច្ចកាលតែងបានគិតគូតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេសការផ្តល់សេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋ។

លោកអភិបាលក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋដែល ជាម្ចាស់ក្បាលដីទាំងអស់ នៅពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹងនេះហើយ សូមថែរក្សាឲ្យបានល្អ ជៀសវាងការធ្វេសប្រហែស ក្នុងការទុកដាក់ ដែលបណ្តាលឲ្យខូចខាត និងបាត់បង់ ព្រោះឯកសារនេះជាឯកសារសម្រាប់ការសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ផ្លូវការរបស់បងប្អូន។ ក្នុងឱកាសនោះ លោកអភិបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំដល់អជ្ញាធរ មូលដ្ឋានទាំងអស់យកចិត្តទុកដាក់ ចុះចែកប័ណ្ណកម្មសិទ្ធិ ដោយផ្ទាល់ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

លោកក៏សូមថ្លែងអំណរគុណចំពោះលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ប៉ា សុជាតិវង្ស ដែលជានិច្ចកាលតែងបានគិតគូ និងដោះស្រាយបញ្ ហាចំពោះការកាន់កាប់ដីធ្លី ស្របច្បាប់របស់ប្រជាពលរដ្ឋ៕