(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោកជំទាវ និងអគ្គលេខាធិការដ្ឋាន CAMSOC ពិតជាមានសេចក្តីសោមនស្សរីករាយ ឥតឧបមា ដែលលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទទួលបាន ពានកិត្តិយសថា្នក់មាសរបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OBPS សមាគមពិភពលោកនៃចលនាកាយឫទ្ធិនារី ដែលជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រ នៃចលនាកាយឫទ្ធិនារីកម្ពុជា។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជា ដែលបានបើក ទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់មហាគ្រួសារនៃចលនាកាយរឹទ្ធិកម្ពុជា និងបានលើកកម្ពស់កិត្យានុភាព ជាតិមាតុភូមិលើឆាកអន្តរជាតិ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំប្រសិទ្ធពរជ័យ គ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និងសហការី ព្រមទាំងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ពិធីប្រគល់ និងទទួលប្រកាសនីយបត្រ និងផ្លាកសញ្ញាមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕