(ភ្នំពេញ)៖ បន្ទាប់ពីមានអ្នកសារព័ត៌មានអន្តរជាតិ ក៏ដូចជាសារព័ត៌មានជាតិបានសាកសួរមកកាន់លោក ផៃ ស៊ីផាន ជុំវិញករណីថា «តើហេតុដូចម្តេចបានជា អាជ្ញាធរកម្ពុជាបានធ្វើការហាមឃាត់ក៏ដូចជាវិធានការ ក្នុងការឃាត់ខ្លួនសកម្មជន ដែលធ្វើសកម្មភាព ថ្ងៃច័ន្ទពណ៌ខ្មៅ?»
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបថា៖
ចម្លើយរបស់ខ្ញុំ គឺគ្មានអ្វីប្លែកទេ អ្នកទាំងនោះ ឬក្រុមប្រឆាំងនោះប្រាកដណាស់ អង្គការចាត់តាំង ឬសកម្មភាពជាប្រព័ន្ធ ដែលទទួលកំរៃពីភ្នាក់ងារបរទេស។ រូបភាពទាំងក្រោមនេះ អង្គការចាត់តាំង ដែលជាជនបរទេសបានប្រើប្រាស់កម្ពុជា ជាសមរភូមិចលនាសកម្មជនប្រឆំាងនិងរដ្ឋអំណាច មិនត្រឹមតែ ទៅប្រតិបត្តិការណ៍នៅក្នុងកម្ពុជាទេ ក៏ប៉ុន្តែនៅក្នុងតំបន់អាស៊ានក៏ដូចជាក្នុងតំបន់ដទៃទៀត។ មិនត្រឹមតែចាត់តំាង និងរៀបចំផែនការសកម្មភាពនោះទេ គឺមានភ្នាក់ងារបរទេសក្នុងរូបភាពជាអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាភ្នាក់ងារសារព័ត៌មាន ក្នុងកិច្ចការឃោសនាបន្តផងដែរ។
ខ្ញុំសង្កេតឃើញជនបរទេសមួយចំនួនក៏ក្លែងបន្លំអត្តសញ្ញណជាភ្ញៀវទេសចរណ៍ អ្នកសិក្សាស្រាវជ្រាវ ឬក៏ដទៃទៀត ដើម្បីយកឱកាសគ្រប់គ្រង និងវាយតម្លៃ នៃកិច្ចប្រតិបត្តិការណ៍របស់ខ្លួន។ នៅពេលមានសកម្មភាពតវ៉ាក្រុមនោះ តែងតែយកមនុស្សដែលងាយរងគ្រោះ ធ្វើជារនាំង និងជាខែល ដើម្បីយកលេស ដាក់បន្ទុកទៅលើសមត្ថកិច្ចបង្រ្កាប់ «ស្រ្តីចាស់ ស្រ្តីមានផ្ទៃពោះ និងកុមារ»។
នៅក្នុងហេតុផលនេះ ខ្ញុំជឿជាក់ថាស្ថានទូតបរទេស គួរតែប្រកាសដល់ពលរដ្ឋរបស់ខ្លួន មិនត្រូវចូលរួមការងារ ឬសកម្មភាពណាមួយដែលប្រឆាំង និងច្បាប់ ឬក៏កាតព្វកិច្ចរបស់ខ្លួនឡើយ។ ក្នុងនាមរដ្ឋអធិបតេយ្យ និងឯករាជ្យរដ្ឋាភិបាលមានកាតព្វកិច្ចគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួន តាមច្បាប់ជាធរមាន។ ជនបរទេសណាមួយប្រឆាំងនឹងកាតព្វកិច្ចរបស់អាជ្ញាធរ វិធានត្រូវបានអនុវត្តន៍ដោយហ្មឹងម៉ាត់។
យើងខ្ញុំក៏សូមឲ្យរាល់សកម្មជន គ្រប់វិស័យបញ្ចប់នូវសកម្មភាព យកកុមារា កុមារីជាអាវុធ ដើម្បីប្រឆាំង និងរដ្ឋអំណាច ឬជាទិដ្ឋភាពពាណិជ្ជកម្ម ដើម្បីការចាប់ អារម្មណ៍ពីសាធារណមតិ អាស្រ័យកុមារា-កុមារីទាំងនោះ ទទួលបានការរំលោភសិទ្ធិរបស់ពួកគេ។ ម្យ៉ាងវិញទៀត មានតែក្រុមឧទ្ទាម ឬក្រុមភេរវកម្មនោះទេ ដែលគេយកកុមារា កុមារី ជាឈ្នាន់ និងបម្រើសកម្មភាពរបស់គេ។ ហើយការធ្វើបែបនេះ ក្រុមទាំងអស់នោះ គឺកំពុងអប់រំកុមារា កុមារី នូវអំពើហឹង្សាបន្តវេន បំបែកបំបាក់សង្គមទៅអនាគតទៀត។ ហើយខ្ញុំក៏មិនជឿថា UN មិនមែនជាអង្គការចាត់តាំង ឬជួយឧបត្តម្ភថវិកាសម្រាប់សកម្មភាព ក្នុងការតតាំង ប្រឆាំង និងរាជរដ្ឋាភិបាល ទោះបីសកម្មជនទាំងអស់នោះបានលើកទង់អង្គការសហប្រជាជាតិ នៅពេលគេធ្វើសកម្មភាពនេះទេ។ ក៏ប៉ុន្តែខ្ញុំក៌ពុំទាន់ទទួលបាននូវ សេចក្តីប្រកាស ច្រានចោលនូវសកម្មភាពនេះនៅឡើយដែរ។
សូមជំរាបថា អាជ្ញាធរ និងចាត់វិធានការហ្មឹងម៉ាត់ និងអំពាវនាវដល់អង្គការ ឬស្ថាប័នពាក់ព័ន្ធ និងកុមារ សូមមេត្តាចាត់វិធានការ តាមសមត្ថកិច្ច។
រដ្ឋាភិបាលមិនអនុញ្ញាតឲ្យបរទេសណាមួយ បង្កើតឬរៀបចំនូវ អង្គការចាត់តាំង សកម្មភាពណាមួយ ដែលអាចចាត់ទុកថា ជាការរំលោភដល់សន្តិសុខជាតិ ឬជាសកម្មភាពលូកលាន់ដល់បញ្ហាផ្ទៃក្នុងរបស់ប្រជាជាតិណាមួយដ៌ទៃទៀត ដូចដែលបានចែង និងហាមនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ជាធរមានរួចហើយស្រាប់៕