(កណ្ដាល)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដា្ននស្រុកកណ្ដាលស្ទឹង បានថ្លែងថា ការជួបជុំប្រារព្ធពិធីបុណ្យកឋិនទាន និងបុណ្យទានផ្សេងៗ នាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ទើបបានធ្វើឲ្យយើងមានលទ្ធភាព ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស។

លោក ណុប រ័ត្ននិមល តំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី បានថ្លែងដូចនេះ ក្នុងខណៈអញ្ជើញដង្ហែរអង្គកឋិនទានវេរប្រគេនភិក្ខុសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តឧទុម្ពរ ស្ថិតនៅឃុំដើមឬស្ស ស្រុកកណ្ដាលស្ទឹង ខេត្ត​កណ្តាល  នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយបុណ្យកឋិនទាននេះ មានតែព្រះពុទ្ធសាសនាទេ ដែលបានកំណត់សម័យកាល នៃការប្រារព្ធធ្វើមានរយៈពេល ២៩ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃ១រោច អស្សុជ ដល់ថ្ងៃ២៥កើត ខែកក្តិក ហើយដែលពុទ្ធបរិស័ទបាននាំយកស្បង់ត្រ័យជីវរ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស មិនបាននិមន្តទៅណានារដូវវស្សានេះ។

លោកបានរំលឹកថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ រហូតមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាអាណត្តិទី៧នេះ បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន ។

លោកបានផ្តាំផ្ញើដល់ព្រះសង្ឃ យវុជន ប្រជាពលរដ្ឋ និងមន្រ្តីអាជ្ជាធរដែនដី ស្រុកកណ្ដាលស្ទឹង បន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិភាព ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការការពារសមិទ្ធផលនានារបស់ជាតិ ឲ្យបានស្តិតស្ថេរគង់វង្ស និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះដែរ លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានវេរប្រគេនបច្ច័យសង្កត់ត្រ័យរបស់ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចាន្នី មានចំនួន៣០លានរៀល និងបច្ច័យអមត្រ័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត មានចំនួន ៣០លាន ៥៦ម៉ឺនរៀល សរុបបច្ច័យមានចំនួន ៦០លាន ៥៦ម៉ឺនរៀល។

ជាមួយគ្នានេះ លោក និងលោកស្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនឧបត្ថម្ភដល់សីលវន្តសីលវត្តី មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕