(ភ្នំពេញ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅមុននេះបន្តិចបានបញ្ចប់ការសួរនាំ សកម្មភាពជនដីធ្លីបឹងកក់ទាំង២នាក់ហើយ គឺអ្នកស្រី ទេព ណ្ណី និង ប៊ូវ សោភា រួចបានបញ្ជូនទៅដៃចៅក្រមជំនុំជម្រះដើម្បី បន្តចាត់ការតាមនីតិវីធីពាក់ព័ន្ធនឹងយុទ្ធនាការអាវខ្មៅ។
លោក កែវ សុជាតិ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះថា «ខ្ញុំបានសួរចប់ហើយ មុននេះបន្តិច និងបានបញ្ជូនទៅតុលាការបន្តនីតិវិធី»។ លោក កែវ សុជាតិ មិនទាន់អាចបញ្ជាក់ពីបទចោទប្រកាន់នៅឡើយទេ ចំពោះសកម្មជនដីធ្លីទាំង២នាក់នេះ។
សូមបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់ទាំង២នាក់នេះ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចុះទៅឃាត់ខ្លួន ខណ:ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ។ យុទ្ធនាការអាវខ្មៅរបស់សកម្មជនដីធ្លីខាងលើនេះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណ:ប្រមូលផ្តុំនោះឡើយ គឺពួកគេបានធ្វើរួបត្លុកជាមនុស្ស ដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតក។ ពួកគេបានយករូបត្លុកទាំងនេះ ទៅកប់ចោលនៅក្នុងរណ្តៅដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
យុទ្ធនាការអាវខ្មៅ ដែលបង្កើតឡើងដោយ អង្គការសង្គមស៊ីវិល និងជនមួយចំនួន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការឃាត់ខ្លួន មន្រ្តីអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់។ ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា ជាចលនាដែលមានលក្ខណៈជាបដិវត្តពណ៌។
សូមបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦ តំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន ក៏បានស្លៀកសំលៀកបំពាក់ខ្មៅនេះដែរ បន្ទាប់ពីគណបក្សនេះ បានប្រកាសចូលរួមយុទ្ធនាការអាវខ្មៅជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន៕