(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងកត់សម្គាល់នូវគុណតម្លៃ នៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការចង់ឃើញកុមារី យុវតី និង ស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។

សម្តេចធិបតី ក៏បានប្រកាសគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។

ពេលអញ្ជើញជាអធិបតីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមកត់សម្គាល់នូវគុណតម្លៃ នៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការចង់ឃើញកុមារី យុវតី និង ស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។ ខ្ញុំសូមគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ»

សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ ក៏សាទរ និងគាំទ្រចំពោះចក្ខុវិស័យ និង គុណតម្លៃរបស់សមាគមកាយឫទ្ធិនារីទាំងអស់ដូចគ្នាដែរ ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, សម្តេចធិបតី បានអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ គាំទ្រ និងចូលរួមជាមួយចលនានៃសមាគមកាយឫទ្ធិនារី ដើម្បីជំរុញឱ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះ សម្រេចបានដោយជោគជ័យ។

សម្តេចធិបតី បានថ្លែងដោយយល់ថា ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី, កត្តាសេដ្ឋកិច្ច និងកត្តានៃកង្វះការយល់ដឹង, ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យ ទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួន។ សម្តេចបានថ្លែងបន្តថា នេះគឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹង មាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ទទួលបានឱកាសពេញលេញ៕