(អូស្ត្រាលី)៖ ទីបំផុតប្រទេសអូស្ត្រាលី និង ប៉ាពួរញូហ្គីណេ បានសម្រេចរួមគ្នាថា នឹងបិទមជ្ឈមណ្ឌលទទួលយក ជនភៀសខ្លួនសុំសិទ្ធិជ្រកកោណ នៅលើកោះ Manus ជាស្ថាពរតែម្តង បន្ទាប់ពីបានរកឃើញថា ការឃុំឃាំង ជនភៀសខ្លួន និងជនសុំសិទ្ធិជ្រកកោណនៅទីនោះ វាផ្ទុយទៅនឹងច្បាប់កំពូលរបស់ប្រទេស។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញក្រោយពីបានបិទបញ្ចប់ ជំនួបជាផ្លូវការរវាងនាយករដ្ឋមន្ត្រី ប៉ាពួរញូហ្គីណេ លោក Peter O'Neill ជាមួយនឹងរដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលីលោក Peter Dutton ក្នុងរដ្ឋធានី Port Moresby នៅថ្ងៃពុធនេះ បានបញ្ជាក់ដូច្នេះថា «ទាំង ប៉ាពួរញូហ្គីណេ និង អូស្ត្រាលី បានសម្រេចរួមគ្នាហើយ ថាមជ្ឈមណ្ឌលនៅលើកោះ Manus គឺនឹងត្រូវបិទទ្វារជាស្ថាពរ»។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ តុលាការកំពូលរបស់ប្រទេស ប៉ាពួរញូហ្គីណេ បានរកឃើញថាការឃុំខ្លួន ជនភៀសខ្លួន និងជនសុំសិទ្ធិជ្រកកោណនៅ លើដីកោះ Manus គឺជារឿងដែលប្រឆាំង ទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ របស់ប្រទេសដីកោះមួយនេះ ក៏ប៉ុន្តែការសម្រេចថានឹងត្រូវបិទ ឬមួយក៏យ៉ាងណានោះ គឺត្រូវរង់ចាំកិច្ចពិភាក្សាដែលត្រូវធ្វើឡើង ជាមួយភាគីអូស្ត្រាលី ជាម្ចាស់ជំនួយជាមុនសិន៕