(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជាអធិប​តីភាពបើកមហាសន្និបាត​មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក។

មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើង​លើទឹកដី​សៀមរាបអង្គរ​ពី​ថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព្រឹត្តទៅ​ក្រោម​​ប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី (Imagine Possibilities)»

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជា
ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចំណាយទាំងកម្លាំងកាយចិត្ត រៀបចំមហាសន្និបាតនេះឡើងយ៉ាងអធិកអធម និងសូមអរគុណ រដ្ឋបាលខេត្តសៀមរាប, កងកម្លាំងប្រដាប់អាវុធ, និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម សហការគ្នាយ៉ាងល្អក្នុងការរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងសុវត្ថិភាព ធ្វើឱ្យមហាសន្និបាតលើក ទី៧នេះ អាចប្រព្រឹត្តទៅដោយរលូន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជា ការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្តាលដល់កុមារី យុវតី និង ស្រ្តីវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកត់សម្គាល់នូវគុណតម្លៃ នៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការចង់ឃើញកុមារី យុវតី និង ស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារី កម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចជឿជាក់ថា រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ ក៏សាទរ និងគាំទ្រចំពោះចក្ខុវិស័យ និង គុណតម្លៃរបស់សមាគមកាយឫទ្ធិនារីទាំងអស់ដូចគ្នាដែរ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, សូមអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ គាំទ្រ និងចូលរួមជាមួយចលនានៃសមាគមកាយឫទ្ធិនារី ដើម្បីជំរុញឱ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះ សម្រេចបានដោយជោគជ័យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយយល់ថា ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី, កត្តាសេដ្ឋកិច្ច និងកត្តានៃកង្វះការយល់ដឹង, ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យ ទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួន។

* សម្តេចបានថ្លែងបន្តថា នេះគឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹង មាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ទទួលបានឱកាសពេញលេញ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្ត្រីគឺជាស្នូល ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់សកម្មភាពដែលសមាគមកាយឫទ្ធិនារីពិភពលោក ក៏ដូចជា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បាន និងកំពុងធ្វើ ដូចបានគូសបញ្ជាក់ដោយលោក ស្រីបណ្ឌិត ចូសិន បាយអុន (Juseon Byun) ព្រមទាំងសកម្មភាពដែលសមាគមកាយឫទ្ធិនារីកម្ពុជាបាន និងកំពុងអនុវត្ត និងសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយ ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៥៩នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕