(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបជាមួយក្រុមការងារគណបក្សចុះជួយស្រុក ឃុំ និងគណៈកម្មាធិការស្រុក និងឃុំនៃស្រុកស្រុកសាមគ្គីមុនីជ័យ និងបន្តទៅក្រុងឧដុង្គម៉ែជ័យ។
នាឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំយកប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានបក្ស សម្តេចអនុប្រធាន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកជូនក្រុមការងារចុះជួយស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកាគណបក្សស្រុក។
លោក ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សឃុំ ស្រុក ដែលបាននាំមកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជានៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់ ក្រុមការងារចុះជួយស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកាដែលបានខិតខំប្រឹងប្រែងក្នុងការនាំមកនូវភាពជោគជ័យនាពេលកន្លងមក ជាពិសេសលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
បន្ថែមពីនេះកិច្ចប្រជុំក៏ធ្វើឡើងដើម្បីស្តាប់នូវស្ថានការណ៍នយោបាយតាមមូលដ្ឋាន តាមដានវឌ្ឍនភាពការងារ ក៏ដូចជាស្តាប់នូវសំណូមពរ បញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ រួមទាំងលើកទិសដៅ និងផែនការសកម្មភាពត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខផងដែរ។
សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានចុះជួបជាមួយមន្រ្តីគណបក្សនៅក្រុង-ស្រុកចំនួន៧ ហើយក្នុងចំណោម៩ ក្រុង-ស្រុក ទូទាំងខេត្តកំពង់ស្ពឺ៕