(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្មនឹងរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្ម ការពារកម្មសិទ្ធបញ្ញា ជូនវិចិត្រករ រឿម ប៊ុនហាក់ សម្រាប់ការរកឃើញ វិធីសាស្រ្តកំឡោច រូបគំនូរលើស្លឹកត្នោត ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ នាម៉ោង ០៣:៣០ រសៀល នៅសាលប្រជុំ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
តាមការឲ្យដឹងពីមន្រ្តីជំនាញ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថានេះជាការទទួលស្គាល់នូវស្នាដៃរកឃើញ របស់វិចិត្រករខ្មែរ គឺលោក រឿម ប៊ុនហាក់ វិចិត្រករនៅខេត្តសៀមរាប ដែលបានរកឃើញ នូវវិធីសាស្រ្តគូរគំនូរ លើស្លឹកត្នោត ដោយយកកម្តៅភ្លើងនៃចំហេះធ្យូង មកគូរឲ្យចេញជារូបគំនូរយ៉ាងរស់រវើក ហើយការរៀបចំពិធីនេះ ក៏ជាការជំរុញ និងលើកទឹកចិត្ត ឲ្យបងប្អូនផលិតករ សិប្បកម្មខ្មែរទាំងឡាយ ឲ្យខិតខំស្វែងការនូវការបង្កើតថ្មី និងរបកគំហើញថ្មីៗ ដែលជាស្នាដៃរបស់ខ្លួន ដើម្បីជាមុខមាត់ និងកិត្តិយសសម្រាប់ជនជាតិយើង និងក៏ជាការរួមចំណែក ក្នុងការបង្កើននូវផលិតកម្ម ក្នុងស្រុកផងដែរ។
ដូចនេះផលិតករ សិប្បករ និងសាធារណៈជូនទូទៅ ដែលមានចំណាប់អារម្មណ៍ ចំពោះស្នាដៃនៃការកំឡោចរូបគំនូរលើស្លឹកត្នោត របស់វិចិត្រករ រឿម ប៊ុនហាក់ សូមអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្ម ការពារកម្មសិទ្ធបញ្ញា ជូនលោក សម្រាប់ការរកឃើញវិធីសាស្រ្ត កំឡោចរូបគំនូរលើស្លឹកត្នោត ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ នាម៉ោង ០៣:៣០ រសៀល នៅសាលប្រជុំ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕