(ឆុងជីង, ចិន)៖ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៥ ក្រោមមូលបទកសាងសហគមន៍វាសនារួមចិន-អាស៊ាន កាន់តែជិតស្និទ្ធតាមរយៈនីតិរដ្ឋ ដែលប្រព្រឹត្តទៅនៅទីក្រុងឆុងជីង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
គណៈប្រតិភូអមដំណើរលោកប្រធានរួមមាន លោក សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី លោក គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ និង លោក វាំង ដួងជីវន្ត អនុប្រធាននាយកដ្ឋានអធិការកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងវេទិកាអន្តរជាតិនេះ លោកប្រធានបានស្នើកសាងថ្នាលដើម្បីបង្កើនសមត្ថភាព កាលានុវត្តភាព និងលើកកម្ពស់នីតិរដ្ឋ រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងកំណើនសមាហរណកម្ម វិនិយោគ ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងចាង និងច្រកពាណិជ្ជកម្មអន្តរជាតិផ្លូវគោកនិងសមុទ្រថ្មី។
១៖ បង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន
នៅក្នុងឱកាសនៃវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៥ លោកប្រធាន និងលោកសាស្ត្រាចារ្យ ZHANG XIAO JUN អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន និងជាព្រឹទ្ធបុរសនៃសាលាច្បាប់អន្តរជាតិ នៅសាកលវិទ្យាល័យភាគនិរតីវិទ្យាសាស្រ្ត នយោបាយ និងនីតិសាស្រ្ត បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការរវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរនឹងរួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរផ្នែកច្បាប់ (exchanges in law) ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍការផ្តល់សេវាផ្នែកច្បាប់។
ចំពោះការផ្លាស់ប្តូរផ្នែកច្បាប់ ស្ថាប័នទាំងពីរនឹងចូលរួមចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ ពិភាក្សាលើប្រធានបទដែលឆ្លើយតបទៅនឹងការវិវត្តនិងតថភាពសង្គមជាក់ស្តែងនៅក្នុងវេទិកាប្រចាំឆ្នាំ ឬកម្មវិធីនានា គាំទ្រព្រឹត្តិបត្រច្បាប់តាមរយៈការចូលរួមផ្សព្វផ្សាយនិងសរសេរអត្ថបទ និងចែករំលែកការវិវត្តផ្នែកច្បាប់ថ្មីៗរវាងកម្ពុជា និងចិន។ ចំពោះការអភិវឌ្ឍធនធានមនុស្ស ស្ថាប័នទាំងពីរនឹងសហការសម្របសម្រួលជាមួយការិយាល័យមេធាវីនៃប្រទេសទាំងពីរ ដើម្បីផ្តល់ឱកាសដល់មេធាវីនិងនិស្សិតច្បាប់កម្ពុជានិងចិន ចុះធ្វើការសិក្សាស្រាវជ្រាវ និងកម្មសិក្សាដោយផ្ទាល់ទៅវិញទៅមក។ មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន នឹងផ្តល់អាហារូបករណ៍ដល់មេធាវី ដែលណែនាំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យភាគនិរតីវិទ្យាសាស្រ្តនយោបាយនិងនីតិសាស្រ្ត។
ស្ថាប័នទាំងពីរក៏នឹងសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញផងដែរ។ រីឯការអភិវឌ្ឍការផ្តល់សេវាផ្នែកច្បាប់វិញ ស្ថាប័នទាំងពីរនឹងណែនាំអ្នកជំនាញទៅវិញទៅមក ដើម្បីផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ជូនដល់សហគ្រាសពាណិជ្ជកម្មដែលមានតម្រូវការ។ ស្ថាប័នទាំងពីរក៏ឯកភាពលើការអភិវឌ្ឍយន្តការផ្សះផ្សាវិវាទពាណិជ្ជកម្ម អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានផងដែរ។
២៖ ស្នើសកម្មភាពចំនួន៦ ដើម្បីបង្កើនសមត្ថភាព កាលានុវត្តភាពផ្នែកច្បាប់ និងលើកកម្ពស់នីតិរដ្ឋ
ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាច្បាប់ចិន-អាស៊ាន លើកទី៥ ក្រោមមូលបទ កសាងសហគមន៍វាសនារួមចិន-អាស៊ាន កាន់តែជិតស្និទ្ធតាមរយៈនីតិរដ្ឋ លោកប្រធាន បានលើកឡើងនូវលទ្ធផលសង្ខេបនៃជំនួបកំពូលកាលពីខែតុលាកន្លងទៅនេះ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
នាពេលនោះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពលើគោលដៅរួមចំនួន៥៖
* ពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ
* អភិវឌ្ឍថាមពលបៃតងប្រកបដោយសុវត្ថិភាព និងចីរភាព
* អភិវឌ្ឍបន្ថែមលើវិស័យឧស្សាហកម្ម និងកសិកម្ម
* វាយតម្លៃខ្ពស់លើផ្លូវល្បឿនលឿនភ្ជាប់រាជធានីភ្នំពេញនិងក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និង
* អនុម័តច្បាប់ដើម្បីរារាំង និងបំបាត់ ក) ល្បែងតាមប្រព័ន្ធអនឡាញ ខ) ការជួញដូរមនុស្ស គ) ការជួញដូរគ្រឿងញៀនខុសច្បាប់ ឃ) បទល្មើសបច្ចេកវិទ្យា និង ង) ការចែកចាយព័ត៌មានមិនពិតខុសច្បាប់។
ដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលដៅដាក់ចេញដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរខាងលើ និងពង្រឹងបន្ថែមនូវគោលដៅរួមក្នុងការកសាងសមត្ថភាព និងលើកកម្ពស់នីតិរដ្ឋ លោកប្រធាន បានស្នើសកម្មភាពចំនួន៦៖
* ការផ្លាស់ប្តូរអ្នកប្រកបវិជ្ជាជីវៈច្បាប់រវាងប្រទេសទាំងពីរ ដែលផ្តល់នូវបរិយាកាសមួយដែលមេធាវី អាចទទួលបាននូវបទពិសោធន៍ដ៏ល្អៗ
* រៀបចំសិក្ខាសាលាដែលអ្នកប្រកបវិជ្ជាជីវៈច្បាប់នៃប្រទេសទាំងពីរ អាចស្វែងយល់អំពីការវិវត្ត និងភាពខុសគ្នា ដែលមេធាវីនៃប្រទេសទាំងពីរជួបប្រទះក្នុងពេលប្រកបវិជ្ជាជីវៈច្បាប់
* បង្កើតកម្មវិធីបណ្តុះបណ្តាលដើម្បីបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈច្បាប់ក្នុងផ្នែកច្បាប់ពាណិជ្ជកម្ម ដែលមេធាវីខ្មែរអាចរៀនសូត្រអំពីច្បាប់ពាណិជ្ជកម្មចិន ហើយមេធាវីចិនអាចរៀនសូត្រអំពីច្បាប់ពាណិជ្ជកម្មខ្មែរ
* ផ្តល់ឱកាសកម្មសិក្សាដល់មេធាវីវ័យក្មេង ដែលផ្តល់លទ្ធភាពដល់ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់សេវាផ្នែកច្បាប់ដល់វិនិយោគិនចិននៅកម្ពុជានាពេលអនាគត
* រៀបចំកម្មវិធីប្រកួតសវនាការប្រតិដ្ឋប្រចាំឆ្នាំ ដែលនិស្សិតច្បាប់មកពីសាកលវិទ្យាល័យនៅប្រទេសចិន និងប្រទេសសមាជិកអាស៊ាន អាចចុះឈ្មោះចូលរួមប្រកួតដើម្បីអភិវឌ្ឍជំនាញការពារផ្នែកច្បាប់របស់ពួកគេ និង
* បង្កើត និងដំណើរការគេហទំព័រជាទីផ្សារតាមប្រព័ន្ធអនឡាញ ដែលការិយាល័យមេធាវីនៅប្រទេសចិន និងប្រទេសសមាជិកអាស៊ាន អាចផ្សព្វផ្សាយព័ត៌មានអំពីឱកាសកម្មសិក្សា ការងារ និងឱកាសផ្សេងៗសម្រាប់អ្នកប្រកបវិជ្ជាជីវៈច្បាប់ ដែលមានបំណងសិក្សាបន្ថែមលើឯកទេសច្បាប់ដែលពួកគេជ្រើសរើស។
លោកប្រធានក៏បានចែករំលែកដល់វេទិកាទាំងមូល អំពីការអនុវត្តប្រកបដោយជោគជ័យ នៅក្នុងក្របខ័ណ្ឌសមាគមច្បាប់អាស៊ាន នូវការរៀបចំការប្រកួតសវនាការប្រតិដ្ឋ ដែលនិស្សិតច្បាប់ពីបណ្តាប្រទេសអាស៊ានចូលរួមប្រកួតផងដែរ។ លោកប្រធានក៏បានអញ្ជើញគណៈប្រតិភូបរទេសដែលចូលរួមក្នុងវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៥ អញ្ជើញមកទស្សនាប្រាសាទអង្គវត្ត និងសម្បត្តិបេតិកភណ្ឌពិភពលោកនៅកម្ពុជា។ លោកប្រធាន ក៏បានជួបប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំគណៈមេធាវី សាកលវិទ្យាល័យ នាយកដ្ឋានកិច្ចការតុលាការ និងក្រុមហ៊ុនពីបណ្តាប្រទេសចិន និងប្រទេសសមាជិកអាស៊ានផ្សេងៗទៀត និងបានជំរុញកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជាផងដែរ៕