(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាចលករជំរុញ និងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការបណ្ដាក់ទុន វិនិយោគ និងការធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគ ឲ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ ស្របតាមក្របខ័ណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មី ប្រកបដោយគុណវុឌ្ឍិខ្ពស់។ នេះជាការបញ្ជាក់របស់លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ។

លោក កើត ឆែ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយលោក តានិណៃ អុីជិតូម៉ូ អនុបេសកកម្ម តំណាងលោក អ៊ូអិ ណូ អាត់ស៊ូសុី (UENO Atsushi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា និងលោក ត្យូបូយ៉ា ម៉ាសាយុគិ (TSUBOYA MASAYUKI) អគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី សម្ពោធបើកឲ្យដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៉ីអនម៉ល ភ្នំពេញ នៅផ្សារទំនើប អ៉ីអន ម៉ល (ទី១)។

លោក កើត ឆែ បានគូសបញ្ជាក់ថា ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនរបស់វិនិយោគិន ជប៉ុន ដែលបានបណ្ដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់ គម្រោងទី៣ ព្រមទាំងការពង្រីកបន្ថែមអគារថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នៃគម្រោងទី១។

លោកបន្ដថា នេះមិនត្រឹមតែជាសក្ខីភាព បង្ហាញឲ្យឃើញពីវឌ្ឍនភាពដ៏គាប់ប្រសើរ នៃដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនជប៉ុនប៉ុណ្ណោះទេ ពោលបានបង្ហាញឲ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង «ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន» ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក កើត ឆែ បានបន្ថែមទៀតថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលបានបណ្ដាក់ទុនពង្រីកអគារបន្ថែមថ្មីនាពេលនេះ៖ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ស្របពេលដែលកម្ពុជា ត្រៀមលក្ខណៈរួចស្រេច ក្នុងការទទួលស្វាគមន៍ប្រជាពលរដ្ឋពីគ្រប់ខេត្ត មកដើរកម្សាន្តក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ ហើយពេលនោះផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋនៅភាគខាងកើត រាជធានីភ្នំពេញ (តំបន់ខណ្ឌច្បារអំពៅ) ស្របពេលដែលស្ពានបេតុង ខ្សែកាប្លិ៍តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។

បើតាមលោក កើត ឆែ, ស្ពានបេតុងខ្សែកាប្លិ៍តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕