(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់កម្មសិក្សាការី ជានាយទាហាន នាយទហានរង និងពលទាហាន ដែលបានឆ្លងកាត់វគ្គសិក្សា វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះជំនាញដែលមានទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារជាតិ មាតុភូមិ និងការពារប្រជាពលរដ្ឋ។

ការណែនាំបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិនឆ្នាំ២០២៣ ឱ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធី ថ្មើជើង ដែលធ្វើឡើងនៅទីបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការ មេបញ្ជាការរង បណ្ដាអង្គភាពប្រចាំទិសទី១ ប្រាសាទព្រះវិហារ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងយោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហាន រង និងពលទាហានជាច្រើនរូបទៀត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក គីម រិទ្ធី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលមានវត្តមានក្នុងពិធីនេះ។

លោកអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំលេខ៣ កងពលតូចលេខ៧,៨,៩ កងកម្លាំងវរនគរបាលការពារព្រំដែន និងបណ្ដាកងឯកភាពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ផ្ទះសម្បែង បំពេញភារកិច្ចទាំងយប់ ទាំងថ្ងៃ ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

លោក គីម រិទ្ធី ក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើរដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ សូមបន្ដយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងផ្ដោតសំខាន់លើអាទិភាពមួយចំនួនមានជាអាទិ៍ ត្រៀមលក្ខណៈនានា ទាំងកម្លាំង មធ្យោបាយ និងបច្ចេកទេស ក្នុងការជួយសង្គ្រោះគ្រោះមហន្ដរាយនានា, បន្ដលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ មាតុភូមិ និងប្រជាជន, ត្រូវយកចំណេះដឹង ជំនាញ ដែលទទួលបាននេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្ដិភាព និងសេចក្ដីសុខសាន្ដជូនប្រជាជន មិនឱ្យជនណាមកបំផ្លិចបំផ្លាញបានឡើយ។

បន្ថែមពីនេះសូមបណ្ដាអង្គភាពពាក់ព័ន្ធទាំងអស់ រៀបចំផែនការហ្វឹកហ្វឺនជំនាញផ្សេងៗ ដើម្បីបន្ដពង្រឹងសមត្ថភាពកងកម្លាំង ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងសំដៅចូលរួមចំណែក ក្នុងការអនុវត្តផែនការកែទម្រង់កងកម្លាំង ខឿនការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋា ភិបាលលើវិស័យការពារជាតិឱ្យទទួលបានជោគជ័យ៕