(កំពត)៖ រយៈពេលចុងឆ្នាំ២០២៣នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរបរទេសលើស៦ម៉ឺននាក់ ឬស្មើនឹង៨០-៩០ភាគរយនៃចំនួនកាលពីឆ្នាំ២០១៩ហើយ យ៉ាងយូរដាច់ឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសនឹងវិលទៅរកស្ថានភាពដូចឆ្នាំ២០១៩ពេញ១០០ភាគរយវិញ ដែលមានចំនួនជិត១០ម៉ឺននាក់។

លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ភ្ញៀវទេសចរនៅខេត្តកំពតបច្ចុប្បន្នបានកើនឡើងជិតស្មើនឹងចំនួនកាលពីឆ្នាំ២០១៩វិញហើយ ដោយសារឆ្នាំមុនខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន៥ម៉ឺននាក់ តែឆ្នាំនេះរយៈពេល៩ខែ ខេត្តទទួលបាន៦ម៉ឺននាក់ហើយ អ៉ឺចឹងនៅសល់៣ខែចុងឆ្នាំនេះ (នៅសល់ខែ១០ដែលមិនទាន់បានបូកចូលនេះ) លោកគិតថាអាចឡើងដល់៨ម៉ឺននាក់ ដែលធ្វើឱ្យអត្រាឡើងជិត១០០ភាគរយនៃចំនួនភ្ញៀវកាលពីមុនពេលមានកូវីដរាតត្បាត ដែលមានចំនួនជិត១០ម៉ឺននាក់។

លោកថ្លែងយ៉ាងដូច្នេះថា «យ៉ាងយូរដាច់ឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសនឹងវិលទៅរកចំនួនស្មើនឹងឆ្នាំ២០១៩ពេញ១០០ភាគរយវិញហើយ»

លោកប្រធានមន្ទីរបានបន្តថា មុននេះបន្តិចខេត្តកំពតមានការថយចុះនូវចំនួនភ្ញៀវទេសចរវៀតណាម និងថៃ តែមួយរយៈចុងក្រោយនេះក៏ងើបឡើងវិញខ្លះផងដែរ។

បើតាមការអះអាងរបស់លោកប្រធាន សយ ស៉ីណុល អាជីវករដែលបើកអាជីវកម្មទេសចរណ៍ ពិសេសសម្រាប់ភ្ញៀវទេសចរបរទេសលែងមានបញ្ហាខ្វះភ្ញៀវដូចមុនទៀតហើយ តែប្រសិនបើមានបញ្ហាអាចមកពីអាជីវកម្មរបស់គាត់ ដែលគាត់ត្រូវសិក្សាពីខ្លួនគាត់។

ដោយសារពួកគេចូលចិត្តគោលដៅទេសចចរណ៍បែបកសិទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ពិសេសពួកគេបានទៅទស្សនាប្រាសាទភ្នំឈ្ងោក សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ តំបន់ភ្នំបូកគោ ចម្ការម្រេចឡាផ្លេនថេសិនដែលជាគោលដៅកសិទេសចរណ៍ ដែលគោលដៅទាំងនោះទទួលបានភ្ញៀវទេសចរបរទេសស្ទើរ១០០ភាគរយ។ ដោយសារខេត្តកំពតមានសំណង់សម័យអាណានិគមច្រើន ភ្ញៀវទេសចរបារាំង អង់គ្លេសគឺមានច្រើនជាងគេ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបញ្ជាក់ទៀតថា ជាទូទៅ ភ្ញៀវទេសចរបរទេសទាំងនោះតែងបានស្នាក់នៅខេត្តកំពត២យប់ ខណៈអ្នកខ្លះអាចស្នាក់នៅដល់ទៅមួយអាទិត្យ។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ ខេត្តកំពតទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១០ម៉ឺននាក់ ខណៈទូទាំងប្រទេសទទួលបានភ្ញៀវទេសចរអន្តរជាតិនេះប្រមាណ៦.៦លាននាក់៕