(ប៉េកាំង)៖ ប្រទេសចិន និងបណ្តាប្រទេសជាសមាជិកនៃសមាគមអាស៊ាន បានប្តេជ្ញារួមគ្នាថានឹងបង្កើតយន្តការ សម្រាប់ការអនុវត្តក្រមប្រតិបត្តិ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង ឲ្យបាននាពាក់កណ្តាល ឆ្នាំ២០១៧ ខាងមុខ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។

ចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះដែលប្រទេសចិន និងសមាជិកអាស៊ានទាំង ១០ បានពិភាក្សាពីសំណុំនៃច្បាប់ ស្ថិតក្នុង គោលបំណងចៀសវាង កុំឲ្យមានជម្លោះកើតមានឡើងទៅលើការអះអាងអធិបតេយ្យ នៅតំបន់សមុទ្រចិនខាងត្បូង ដែលជាច្រកនាវាចរណ៍អន្តរជាតិ ដ៏មមាញឹកបំផុតនៅលើសកលលោកនេះ។ ជាក់ស្តែងបន្ទាប់ពីថ្ងៃទី១២ ខែកក្កដា ដែលតុលាការអន្តរជាតិឡាអេ បានកាត់ក្តីឲ្យហ្វីលីពីនឈ្នះចិន លើបណ្តឹងពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូងនោះ ភាពតានតឹងបានកើនឡើងរឹតតែខ្លាំង តាមរយៈការបង្កើនសាច់ដុំរបស់ចិន។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមួយនាប្រទេសចិន ភាគីទាំងពីរ ចិននិងអាស៊ាន បានព្រមព្រៀងក្នុងការយកយន្តការ សម្រាប់ក្រមប្រតិបត្តិ ទៅសម្រេចឲ្យបាននៅពាក់កណ្តាលឆ្នាំ ២០១៧ ដើម្បីឲ្យភាគីទាំងពីរ អាចចេញដំណោះស្រាយ ជាបន្ទាន់ណាមួយក្នុងពេលមានបញ្ហាផ្នែកនាវាចរ ដែលត្រូវការការដោះស្រាយជាបន្ទាន់នៅតំបន់សមុទ្រចិនខាងត្បូង។ អនុរដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា ឯកសារនានាពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យមានការចេញចំណាត់ការបន្ទាន់ ខាងលើនេះ នឹងត្រូវដាក់ឲ្យសម្រេចនៅក្នុងកិច្ចប្រជុំអាស៊ាន-ចិន ក្នុងប្រទេសឡាវ នាខែកញ្ញាខាងមុខ៕