(ភ្នំពេញ)៖ ក្រោយដំណើរការថ្នាក់បណ្ដុះបណ្ដាលស្ដីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និង ជំនួញ» នៅមជ្ឈមណ្ឌលព័ត៌មាន Fresh News (FTC) លោក អាន ស៊ីថាវ ដែលជាគ្រូបង្គោល និងជាអ្នកជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច ជាង១៥ឆ្នាំហើយនោះ បានឲ្យដឹងថា ការបង្កើតថ្នាក់សិក្សានេះឡើង ព្រោះចង់ឲ្យមានអ្នកព័ត៌មានសេដ្ឋកិច្ចចំណាននៅកម្ពុជា។

អ្នកជំនាញព័ត៌មានសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ទៀតថា៖ «ការបង្កើតថ្នាក់បណ្ដុះបណ្ដាល ជំនាញព័ត៌មានសេដ្ឋកិច្ចនេះឡើង ដោយមើលឃើញពីភាពចាំបាច់ នៃអ្នកសារព័ត៌មានសេដ្ឋកិច្ច ដែលមានការយល់ដឹងអំពី Digital Economy ឬហៅថាអ្នកព័ត៌មានសេដ្ឋកិច្ចចំណាន។ ព្រោះកន្លងមកអ្នកព័ត៌មានសេដ្ឋកិច្ចមុនៗ សរសេរព័ត៌មាន ឬត្រឹមតែដកស្រង់ទិន្នន័យផ្សេងៗ ដែលទទួលបាន ដើម្បីផ្សព្វផ្សាយតែប៉ុណ្ណោះ»

ដើម្បីឲ្យដើរទាន់ការអភិវឌ្ឍបច្ចេកវិទ្យា និងសេដ្ឋកិច្ចសកល ការយល់ដឹងអំពី Digital Economy ឬហៅថាអ្នកព័ត៌មានសេដ្ឋកិច្ចចំណាននេះ គឺជាផ្នែកមួយសំខាន់នៅក្នុងការរួមចំណែកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈព័ត៌មានសេដ្ឋកិច្ច។ នេះគឺជាការបញ្ជាក់បន្ថែមពីលោក អាន ស៊ីថាវ។

កត្តាសំខាន់ចំនួន៣ ដែលត្រូវមានលើអ្នកព័ត៌មានសេដ្ឋកិច្ចចំណាន ក្នុងសតវត្សទី២១ នាសម័យសេដ្ឋកិច្ច Digital ដែលនឹងមានការបង្ហាត់បង្ហាញនៅក្នុងថ្នាក់សិក្សារបស់ FTC មានដូចជា៖
១៖ ត្រូវមានសមត្ថភាពយល់ដឹងពីគ្រោងឆ្អឹងសេដ្ឋកិច្ចខ្មែរយើងជាទូទៅ
២៖ ត្រូវដឹងអំពីបច្ចេកទេស ដែលប្រើប្រាស់ក្នុងការគាំទ្រព័ត៌មានរបស់គាត់ និងគ្រោងឆ្អឹងព័ទ៌មានសេដ្ឋកិច្ច
ទី៣៖ គឺការផ្សាភ្ជាប់រវាងគ្រោងឆ្អឹងសេដ្ឋកិច្ចទៅហ្នឹងគ្រោងនៃបណ្ដាញសង្គម។

វគ្គសិក្សាស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» បង្រៀនផ្ទាល់ដោយ លោក អាន ស៊ីថាវ ដែលជាអ្នកជំនាញព័ត៌មានសេដ្ឋកិច្ច មានពិសោធន៍ការងារជាង១៥ឆ្នាំ លើវិស័យសារព័ត៌មានដូចជា កាសែត វិទ្យុ និងទូរទស្សន៍នានានៅកម្ពុជា។ ក្រៅពីនេះ លោក អាន ស៊ីថាវ ធ្លាប់ទទួលបានការបណ្ដុះផ្នែកព័ត៌មានសេដ្ឋកិច្ច និងការសិក្សាស្រាវជ្រាវផ្នែកព័ត៌មានសេដ្ឋកិច្ចពីប្រទេសនានា ដូចជា អូស្រ្តាលី ជប៉ុន សិង្ហបុរី ហ្វីលីពីន និងថៃជាដើម។

វគ្គសិក្សាផ្ដោតលើមូលដ្ឋាន៣ចំណុចធំៗ៖ ទី១៖ វិសាលភាពនៃប្រភពព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា ទី២៖ គន្លឹះក្លាយជាអ្នកព័ត៌មានសេដ្ឋកិច្ចជំនួញប្រកបដោយវិជ្ជាជីវៈ និងទី៣៖ និន្នាការ និងតម្រូវការព័ត៌មានសេដ្ឋកិច្ច នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា វគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» គឺជាថ្នាក់សិក្សាមួយ ក្នុងចំណោមថ្នាក់សិក្សាទាំង៣របស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បន្ទាប់ពីថ្នាក់សិក្សាអំពី «របៀបសរសេរព័ត៌មានទូទៅ» និងថ្នាក់សិក្សាអំពី «ជំនាញថតរូប»។

វគ្គនេះសិក្សារយៈពេល៣ខែ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៨ ដល់ម៉ោង១០ព្រឹក។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង៕