(អង់គ្លេស)៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃទស្សនកិច្ចការងាររបស់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅចក្រភពអង់គ្លេស លោកបានអញ្ជើញបើកជាផ្លូវការនូវទិវាពាណិជ្ជកម្ម នៃ London Stock Exchange ហើយបានផ្តល់សន្ទរកថា នៅក្នុងកិច្ចពិភាក្សាតុមូលរបស់ក្រុមប្រឹក្សាផ្តល់យោបល់ទីផ្សារអាស៊ាន-CityUK។

អគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីគំនិតផ្តួចផ្តើមនានា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារតំបន់របស់អាស៊ាន ក៏ដូចជាសារៈសំខាន់នៃការគាំទ្រដល់អក្ខរកម្មផ្នែកហិរញ្ញវត្ថុរបស់អាស៊ាន និងលើកកម្ពស់ការទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនមីក្រូតូចនិងមធ្យម (MSMEs) នៅក្នុងអាស៊ាន។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសនេះ, លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Nicholas Stephen Leland Lyons អភិបាលទីក្រុងឡុងដ៏។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលនៅក្នុងវិស័យនានា ដូចជា ទីក្រុងឆ្លាតវ័យ និងនគរូបនីយកម្មប្រកបដោយចីរភាពជាដើម។

នៅថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានជួបពិសាបាយការងារថ្ងៃត្រង់ ដែលរៀបចំដោយលោក Vaizey of Didcot សមាជិកសភាជាន់ខ្ពស់របស់អង់គ្លេស ដែលមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អង់គ្លេសផងដែរ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបានស្វែងរកកាលានុវត្តភាពសម្រាប់ធុរកិច្ចរបស់អាស៊ាន និងចក្រភពអង់គ្លេស។

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលគោលនយោបាយនៅវិទ្យាស្ថាន Chatham House ដែលជាវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ផ្នែកកិច្ចការអន្តរជាតិរបស់អង់គ្លេស។ កិច្ចពិភាក្សាតុមូលនេះ ផ្តោតលើ «ភាពជាដៃគូអាស៊ាន-អង់គ្លេស៖ វឌ្ឍនភាព ទស្សនវិស័យ និងសក្តានុពល»

សម្រាប់នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកាដដែលលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញពិសាបាយការងារជាមួយសមាជិកគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៏ នៅឯស្ថានទូតរបស់ហ្វីលីពីនប្រចាំចក្រភពអង់គ្លេស។

លោកអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៏ អំពីការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន និងទំនាក់ទំនងរវាងអាស៊ាន និងអង់គ្លេស។

លោកបណ្ឌិត កៅ គឹមហួន ក៏បានសំដែងនូវអំណរគុណចំពោះគណៈកម្មាធិការសម្រាប់ការបន្តគាំទ្រពង្រឹងភាពជាដៃគូអាស៊ាន និងអង់គ្លេស៕

Photo from Dara Lux