(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និង អាវុធវិទ្យុសកម្មដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានគូសបញ្ជាក់នៅក្នុងពិធីផ្សព្វផ្សាយនោះថា ច្បាប់ស្តីពីអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និង អាវុធវិទ្យុសកម្ម គឺមានសារៈសំខាន់សម្រាប់កម្ពុជា។ សំខាន់ក៏ដោយសារតែអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និង អាវុធវិទ្យុសកម្ម គឺជាប្រភេទអាវុធមហាប្រល័យ ហើយកំពុងក្លាយជាបញ្ហាប្រឈម និងក្តីបារម្ភយ៉ាងខ្លាំងរបស់មនុស្សជាតិទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។
នៅក្នុងពិធីផ្សព្វផ្សាយនេះ ឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានគូសបញ្ជាក់នូវប្រវត្តិសាវតាមួយចំនួនពាក់ព័ន្ធនិងការកសាងច្បាប់ស្តីពីអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និង អាវុធវិទ្យុសកម្មនេះឡើង និងបានបញ្ជាក់ពីគោលបំណង និងសារប្រយោជន៍ នៃច្បាប់នេះ។ លោកអគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី ក៏បានលើកបង្ហាញពីគ្រោះថ្នាក់មួយចំនួន ដែលបានកើតមានលើប្រជាពលរដ្ឋខ្មែរ រហូតមានអ្នកខ្លះស្លាប់បាត់បង់ជីវិត ដោយសារតែការបរិភោកនូវចំណីអាហារមានជាតិគីមី។
លោកឧត្តសេនីយ៍ ហេង វុទ្ធី រំពឹងថា ពិធីផ្សព្វផ្សាយច្បាប់នេះ និងនាំមកនូវការចែករំលែកចំណេះដឹង បទពិសោធន៍ល្អរវាងគ្នា និងគ្នា ដើម្បីរួមគ្នាសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាក្រុមហ៊ុនអាជីវករ រោងចក្រ សហគ្រាស ឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួន ដើម្បីបញ្ចៀសឲ្យបាននូវរាល់បញ្ហា ដែលអាចកើតមានឡើងពីផលប៉ះពាល់នៃអាវុធប្រល័យទាំងនេះ និងជាពិសេសពីសារធាតុគីមីផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត៕