(សៀមរាប)៖ រយៈពេលជាង ២ខែ នៃការធ្វើកំណែទម្រង់របស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ ប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល មានសន្ទុះគួរឱ្យកត់សម្គាល់ ពោលគឺស្មើនឹងប្រព័ន្ធផ្សព្វផ្សាយឯកជន និងចាប់ផ្ដើមលោតទៅមុខ។ នេះបើតាមការឱ្យដឹងថារបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងព័ត៌មាន បានរៀបចំចងក្រងបណ្ដាញព័ត៌មានពីបណ្ដាអង្គភាព ស្ថាប័នរបស់រាជរដ្ឋាភិបាលប្រមាណ ៣០ ដើម្បីធ្វើការផ្សាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងរួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា វិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា App ក្រសួងព័ត៌មាន និងបានចែកចាយបន្តទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានរាជធានី ខេត្ត សំដៅរុញច្រានព័ត៌មានទាំងនោះ ឱ្យបានទៅទូលំទូលាយ និងទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ការពង្រឹង និងពង្រឹកប្រព័ន្ធផ្សព្វផ្សាយជាតិ វាជាការងារសតិអារម្មណ៍ និងជាការចង់បានរបស់ថ្នាក់ដឹកនាំ។
ទន្ទឹមនោះ ក្នុងនាមអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ, លោក នេត្រ ភក្ត្រា នឹងស្វែងរកការគាំទ្រពីអភិបាលខេត្ត ដើម្បីជំរុញដល់មន្ទីរ អង្គភាពជំនាញ សហការជាមួយមន្ទីរព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការ និងសមិទ្ធផលក្នុងខេត្តឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ក៏បានបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាតិនេះ នឹងមិនអាចខ្វះបាននោះទេនូវមន្ត្រី ដែលមានជំនាញ និងសមត្ថភាព។ សម្រាប់អាណតិ្តទី៧នេះ រាជរដ្ឋាភិបាល បាននិងកំពុងដាក់នូវគោលការណ៍គុណាធិបតេយ្យ ក្នុងការជ្រើសរើសមន្ត្រីរាជការ ជាមួយនោះ ក្រសួងព័ត៌មាន ផ្ដោតទៅលើសមត្ថភាព ស្នាដៃ និងគ្មានការចំណាយប្រាក់ ដើម្បីទទួលក្របខណ្ឌឡើយ ហើយកិច្ចការជ្រើសរើសមន្ត្រីក្របខណ្ឌនេះ នឹងមានការពិនិត្យដោយផ្ទាល់ពីលោក។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោក ជា ចន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតដល់ ១១ឆ្នាំ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលខិតខំប្រឹងប្រែងបំពេញការងារ ទោះបីជួបការលំបាក ខ្វះខាត ដែលនេះបង្ហាញពីឆន្ទៈ ក្ដីស្រឡាញ់ និងឧបនិស្ស័យក្នុងវិស័យព័ត៌មាន៕