(ព្រះវិហារ)៖ លោក សេង សុខហេង តំណាងបណ្តាញសហគមន៍ និងបណ្តាញព្រៃឡង់ បានឆ្លើយតបទៅពាក្យចចាមអារ៉ាម នៅលើបណ្ដាញសង្គម Facebook ថា «ការស្លាប់របស់សកម្មជន ព្រៃឡង់ មិនមែនជាករណីឃាតកម្ម ដូចគេចោទប្រកាន់របស់អ្នកលេង Facebook នោះទេ ហើយការស្លាប់នេះវាកើតឡើង ដោយអចេតនាតែប៉ុណ្ណោះ ក្រោយមកជនបង្កត្រូវ បានសមត្ថកិច្ច ចាប់ខ្លូនយកទៅបាត់ហើយ»។ នេះបើតាមការបញ្ជាក់របស់លោក សេង សុខហេង ប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។
លោក សេង សុខហេង បានបញ្ជាក់ថា ការស្លាប់របស់សកម្មជនព្រៃឡង់នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ស្ថិតនៅក្នុងព្រៃ ភូមិស្រែ ឃុំរាបរយ ស្រុករវាង ខេត្តព្រះវិហារ។ លោកបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សោម ហេង បានដើរល្បាតព្រៃជាមួយសកម្មជនដទៃទៀត លុះពេលកំពុងតែល្បាតស្រាប់តែ រាល់កៃកាំភ្លើងកែច្នៃរបស់ ឈ្មោះ សួន បឿន បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ លោកបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុជនបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនភ្លាមៗ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបាត់ហើយ។
ជាមួយគ្នានេះដែរ លោក សេង សុខហេង បានផ្តាំផ្ញើទៅអ្នកលេង Facebook ថា កុំសនិ្នដ្ឋានអ្វីដែលគ្មានមូលដ្ឋានច្បាស់លាស់ឲ្យសោះ ព្រោះការសន្និដ្ឋានដែល គ្មានមូលដ្ឋានច្បាស់លាស់ វាធ្វើឲ្យមានភាពចលាចលក្នុងសង្គម។
ជុំវិញករណីនេះ មហាជនបានលើកឡើងថា ចុះបើគ្រាន់តែចុះល្បាតព្រៃ ហេតុអ្វីចាំបាច់ប្រើកាំភ្លើងកែច្នៃ តើកាំភ្លើងនោះមានច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ឬអត់? ព្រោះថា កាំភ្លើងកែច្នៃនោះត្រូវបាន គេដឹងថា ព្រានព្រៃ ឬអ្នកដើរព្រៃមួយចំនួនប្រើប្រាស់ដើម្បីបរបាញ់សត្វព្រៃ។ តើការដើរល្បាតព្រៃនេះ ហេតុអ្វីមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន?
បញ្ហានេះអង្គភាពយើងខ្ញុំ នឹងសុំការបកស្រាយអំពីការប្រើប្រាស់កំាភ្លើងច្នៃនេះ ពីខាងតំណាងបណ្តាញព្រៃឡង់ នៅពេលបន្ទាប់ទៀតនេះ៕