(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលជួសជុល៧ឆ្នាំ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះហើយ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងពិធីនាថ្ងៃស្អែកនេះ ក៏នឹងមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមានប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រធានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសម្តេចៗជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិជាច្រើនរូបផ្សេងទៀត។
«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវបានជួសជុលចំនួន៥ដងរួចមកហើយ រាប់ចាប់តាំងពីសតវត្សរ៍ទី១៦។ សម្រាប់លោក ឡុង កុសល ការជួសជុលស្ពានហាលចូលទស្សនាប្រាសាទអង្គរ ក៏ដូចជាការជួសជុលប្រាង្គប្រាសាទដទៃទៀត បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាកូនខ្មែរជំនាន់ក្រោយ ក្នុងការថែរក្សាការពារនូវមរតកដូនតាខ្មែរដែលជារតនសម្បត្តិមិនអាចកាត់ថ្លៃបាន។
លោក ឡុង កុសល ក៏បានគូសបញ្ជាក់ផងដែរថា ការជួសជុលស្ពានហាលចូលប្រាសាទអង្គរ និងការថែទាំប្រាង្គប្រាសាទរបស់ខ្មែរ ក៏បានរំលេចឱ្យឃើញពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព។ កំលុងពេលខ្មែរជួបវិបត្តិនៃសង្គ្រាមខ្មែរគ្មានពេលថែទាំប្រាង្គប្រាសាទដែលជាព្រលឹងវប្បធម៌ជាតិនោះឡើយ ហើយបើខ្មែរ គ្មានសុខសន្តិភាពទេ សម្បត្តិវប្បធម៌មរតកដូនតាខ្មែរអាចនឹងត្រូវរងវិនាសកម្មគ្មានសេសសល់នោះឡើយ។ ដូច្នេះសុខសន្តិភាព បានផ្តល់នូវគុណតម្លៃមិនត្រឹមពន្លឺជីវិតពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែក៏បានផ្តល់រស្មីចិញ្ចាចចិញ្ចាចដល់រតនសម្បត្តិដែលជាមរតករបស់ដូនតាខ្មែរផងដែរ។
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង Fresh News ជាមួយលោក ឡុង កុសល ស្តីពីការជួសជុលស្ពានហាលចូលប្រាសាទអង្គរវត្ត៖