(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គណៈកម្មការអេដស៍ និងគ្រឿងញៀន បានបើកកិច្ចប្រជុំពិនិត្យ វាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ ក្រោមជំនួយគាំទ្ររបស់អង្គការ ILO។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:រាជធានី ខេត្តទាំង២៥ តំណាងអង្គការនិយោជក សហជីព និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។

លោក ទុន សុភ័ណ តំណាងអង្គការ ILO បានលើកឡើងថា ការអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ គឺជាការងារសំខាន់ណាស់ ដើម្បីសុខភាព សុវត្ថិភាពកម្លាំងពលកម្ម។

ក្នុងនាមតំណាង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នាឱកាសនោះ លោកវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនក្រសួងការងារ បានកោតសសើរ ថ្លែងអំណរគុណ ដល់គ្រប់ភាគីទាំងអស់ នៃគណៈកម្មការអេដស៍ និងគ្រឿងញៀន ដែលបានរួមគ្នាអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ ដើម្បីសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

ក្នុងឱកាសនោះ លោកវេជ្ជ. ហ៊ុយ ហានសុង បានថ្លែងបន្តដោយជំរុញឲ្យពង្រឹងបង្កើតក្រុមការងារ ឬគណ:កម្មការអេដស៍ គ្រឿងញៀននៅគ្រប់សហគ្រាស រោងចក្រ ឲ្យបានជាអតិបរមា ដើម្បីបន្តធ្វើការដោះស្រាយបញ្ហាគ្រឿងញៀន អេដស៍នៅកន្លែងធ្វើការដោយធានាថា គ្រប់កម្មករនិយោជិតទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការកាត់បន្ថយបានអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន អេដស៍ និងគ្មានការមាក់ងាយ រើសអើង។

ជាលទ្ធផលបើផ្អែកលើភារកិច្ច និងផែនការរបស់គណៈកម្មការអេដស៍ និងអធិការការងាររបស់ក្រសួង គឺបានធ្វើការពង្រឹង និងជំរុញការអនុវត្តប្រកាស ០៨៦, ១៩៤ និងសេចក្ដីណែនាំ០០៨ តាមរយៈការចុះធ្វើអធិការកិច្ច និងផ្សព្វផ្សាយជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ប៉ុន្តែការអនុវត្តរបស់រោងចក្រ សហគ្រាសនៅមានកម្រិត។ ជារួមមានរោងចក្រ សហគ្រាសដែលបានអនុវត្តអនុលោមតាមប្រកាស មានប្រមាណ១៣% ជាអាត្រាទាបនៅឡើយ។

ចំណែកផ្នែកសេវាកម្សាន្តការអនុវត្តមិនទាន់ទទួលបានលទ្ធផលគួរឱ្យកត់សំគាល់ទេ ដោយសារកត្តាបញ្ហារាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឲ្យផ្នែកនេះត្រូវបិទស្ទើរទាំងស្រុង ហើយការបើកដំណើរការឡើងវិញមួយចំនួនធំក៏ត្រូវការពេលវេលាសិនផងដែរ៕