(ព្រះសីហនុ)៖​ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ​ និងដោយមានការចូលរួមពីលោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប។

នៅក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានផ្តល់ជូននូវអនុសាសន៍​ និងបានសង្កត់ធ្ងន់លើការពង្រឹងវិន័យការងារ ការរក្សាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ពិសេសការសិក្សាស្វែងយល់បន្ថែមពីបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើការងារបានលឿនឆាប់រហ័ស ឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

ជាមួយគ្នានេះ លោក​ ប៉េង ពោធិ៍នា បានលើកឡើងពីការរៀបចំកំណែទម្រង់របស់ក្រសួង ដែលមានផែនការអាទិភាពចម្បងចំនួន២ និងយន្តការគាំទ្រចំនួន ៤ចំណុចផ្សេងទៀត មកជម្រាបជូនដល់សមាជិក សមាជិកានៃអង្គពិធី ដែលជាមន្ត្រីឱ្យបានជ្រាប ដើម្បីបន្តអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ។

នាឱកាសនោះដែរលោករដ្ឋមន្ត្រី ក៏បានផ្តល់ជូននូវសម្ភារ ផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន មួកការដ្ឋាន ១០០មួក អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ និងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់កិត្តិយសថតរូបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទុកជាអនុស្សាវរីយ៕