(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានចេញសារព្រមាន និងថ្កោលទោសចំពោះការលើកឡើងកាលពីពេលថ្មីៗនេះ ដោយប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ដែលបានអំពាវនាវឲ្យទីក្រុង ព្យុងយ៉ាងបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដោយសារតែវាបាននិងកំពុងធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែអាក្រក់ទៅៗ ប៉ុន្តែទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា គ្មានថ្ងៃដែលខ្លួនអាចបោះបង់ចោល កម្មវិធីទាំងនោះជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះលោកស្រី ផាក បានចេញសេចក្តីថ្លែងការណ៍មួយ នៅក្នុងទិវាប្រារព្ធខួបទី ៧១ឆ្នាំ ដែលប្រទេសកូរ៉េបានរួចផុតពី ការគ្រប់គ្រងរបស់អាណានិគមនជប៉ុន ដែលមានរយៈពេល ៣៥ឆ្នាំ ពីឆ្នាំ ១៩១០ ដល់ ១៩៤៥។ នៅក្នុងការថ្លែងនោះ លោកស្រី ផាក បានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើង លះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនជាបន្ទាន់ ខណៈដែលលោកស្រី ក៏បានថ្លែងការពារចំពោះ ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់ មីស៊ីល THAAD ថាជាការការពារខ្លួន ទប់ទល់នឹងការបង្កហេតុ របស់កូរ៉េខាងជើងផងដែរ។
បន្ទាប់ពីបានទទួលដឹងឮពីសេចក្តីថ្លែងការណ៍ខាងលើនេះ គណកម្មាធិការជាតិកូរ៉េខាងជើង សម្រាប់ការរួបរួមដោយ សន្តិភាព បានបញ្ជាក់ច្បាស់ៗតបវិញថា «លោកស្រីផាក កំពុងព្យាយាមដាក់សម្ពាធ មកលើប្រទេសកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលខ្លួនចោទថាខុសច្បាប់ ប៉ុន្តែវាគ្រាន់តែជាការលាក់បាំងនូវ ឧក្រិដ្ឋកម្ម នានា ដែលត្រូវបានប្រព្រឹត្តដោយរដ្ឋាភិបាល លោកស្រីខ្លួនឯង តែប៉ុណ្ណោះ»។
នេះជាពាក្យធ្ងន់ធ្ងរដែលកូរ៉ខាងជើង កម្រប្រើប្រាស់មកលើកូរ៉េខាងត្បូងណាស់ ហេតុដូច្នេះហើយទើបក្រសួងបង្រួប បង្រួមជាតិកូរ៉េខាងត្បូង បានចេញមុខទាត់ចោលភ្លាមៗ ហើយបានប្រាប់ ទៅទីក្រុងព្យុងយ៉ាង ឲ្យបញ្ឈប់ជាបន្ទាន់នូវការ ប្រើប្រាស់ពាក្យចោទប្រកាន់ឥតហេតុផល មកលើលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងបែបនេះទៀត។ កូរ៉េខាងត្បូង បានថ្លែងសារថ្កោលទោសធ្ងន់ៗ ត្រឡប់ទៅកូរ៉េខាងជើងវិញ នាព្រឹកថ្ងៃពុធនេះ៕