(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនក្រុមកីឡាករទូក ត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អុំទូក «ង» ថ្នាក់ខេត្ត លើកទី៤ ក្នុងខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នៅតាមដងស្ទឹងពោធិ៍សាត់។

បន្ទាប់ពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវការស្វាគមន៍ ចំពោះប្រតិភូខេត្តកំពត និងក្រុមកីឡាករទាំង៣៣ទូកនោះរួចមក លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្នុងរយៈពេលចុងក្រោយ បន្ទាប់ពីភាពស្ងប់ស្ងាត់ដោយជំងឺកូវីដ១៩ គួបផ្សំទៅនឹងសង្គមជាតិ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពនោះ រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ព្រមទាំងមានកម្មវិធីបុណ្យប្រពៃណីជាតិ និងបុណ្យផ្សេងៗទៀតទូទាំងប្រទេស រួមទាំងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលតែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

លោកបានលើកឡើងថា ការបង្កើតឲ្យមានកម្មវិធីអុំទូក ក្នុងគោលបំណងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយ កុំឲ្យបាត់បង់ និងសូមគោរពដឹងគុណ ដល់បុព្វបុរសខ្មែរយើង ដែលបានរក្សា និងការពារបាននូវបូរណភាពទឹកដី នៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។ នៅក្នុងព្រឹត្តិការណ៍អុំទូក «ង» លើកទី៤ នៅលើទឹកដីនៃខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ដែលរូបលោកជាអតីតអភិបាលខេត្តពោធិ៍សាត់ អស់រយៈពេលជិត៨ឆ្នាំ ហេតុនេះសូមផ្ញើនូវក្តីនឹករលឹក ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដោយក្តីគោរពពីលោក និងក្រុមគ្រួសារ។

លោកបានលើកឡើងថា នៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាថ្ងៃកំណត់នៃការប្រណាំងទូក «ង» ចំណុះ២២នាក់ នៅតាមដងស្ទឹងពោធិ៍សាត់ ដែលមានចំនូន៣៣ទូក មកពីខេត្តកំពត ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

ដើម្បីឲ្យដំណើការប្រកួតប្រព្រឹត្តិទៅមានភាពរលូន និងល្អប្រសើរជូនប្រជាពលរដ្ឋកំសាន្តកាន់តែសប្បាយរីករាយនោះ ក្នុងនាមរដ្ឋបាលខេត្តទាំង២ សូមឲ្យកីឡាករទាំងអស់ គោរពនូវបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្ត រៀបចំប្រណាំងទូក ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ មិនត្រូវបន្តុះ បង្អាប់ ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រើអំពើហឹង្សា ដែលនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរបស់កីឡាករឡើយ។

កត្តាដែលកីឡាករ គប្បីយកចិត្តទុកដាក់បំផុតនោះ គឺត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច មានកាយសម្បទានគ្រប់គ្រាន់ ម្ចាស់ការអំពីសន្តិសុខសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ និងបរិស្ថាន កន្លែងស្នាក់នៅ រក្សាសេចក្តីថ្លៃថ្នូរ មានអាកប្បកិរិយា និងសុភាពរាបសារ។

ជាមួយគ្នានោះ គឺហាមដាច់ខាតការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ក្នុងពេលប្រកួត និងគោរពពេលវេលាឲ្យបានត្រឹមត្រូវ។ លោកសូមផ្តាំផ្ញើដល់គណៈកម្មការ អនុគណៈកម្មការ ប្រតិភូដឹកនាំដឹកនាំកីឡាករ និងក្មួយៗកីឡាករអុំទូកទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ឈ្នះឬចាញ់សូមទទួលយកដោយក្តីរីករាយ ព្រោះការប្រកួតតែងមានឈ្នះ មានចាញ់ជារឿងធម្មតា អ្វីដែលសំខាន់នោះ គឺបង្កបរិយាកាសសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋយើង មកពីគ្រប់ទិសទី។

ក្នុងឱកាសនោះ លោក ខូយ រីដា និងលោក ម៉ៅ ធនិន បានជួយឧបត្ថម្ភដល់កីឡាករទាំង៣៣ទូក ដោយក្នុងមួយទូកៗ ទទួលបានអង្ករ១តោន មី៣កេសធំ ទឹកផ្លែឈើ៥កេស ស្រាបៀរ៥កេស ទឹកក្រូច៥កេស ត្រីខ៣យួរ សាប៊ូ១កេស និងថវិកាមួយលានរៀល៕