(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នាប្រកបដោយភាពប្រណិត គុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេស និងស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

ជាក់ស្តែង នៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង និងមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ បានឆ្លៀតពេលចុះទៅពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅថ្មី ដើម្បីត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

សូមជម្រាបថា អាគារដែលសាងសង់នេះ គឺស្របតាមទស្សនដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍ តែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ពន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/158961