(ភ្នំពេញ)៖ លោកស្រី ខា ឡេង រដ្ឋលេខាធិការ តំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រឹងប្រែងផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិនក្រុងឆាងសា ខេត្តហ៊ូណាន ប្រទេសចិន។

ការប្រឹងប្រែងនេះ បានបង្ហាញឡើងនៅក្នុងវេទិកាសន្និសីទ ស្ដីពី «ការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងក្រុងឆាងសា នៃប្រទេសចិន» ដោយមានការចូលរួមពីលោកស្រី Wu Gulying សមាជិកគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាធិការគណៈកម្មាធិការបក្សក្រុងឆាងសា, លោកស្រី Zhong Jie អគ្គទីប្រឹក្សាការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងបណ្ដាវិនិយោគិន និងបណ្តាក្រុមហ៊ុន/សហគ្រាសមកពីវិស័យឯកជនចិន។

ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណលោកស្រី Wu Gulying ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូមកពីក្រុងឆាងសា ដែលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ធនធាន និងពេលវេលាដ៏មានតម្លៃដឹកនាំបណ្ដាវិនិយោគិន និងបណ្តាក្រុមហ៊ុន/សហគ្រាសមកពីវិស័យឯកជន អញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទឹកដីអច្ឆរិយៈពោរពេញដោយសក្តានុពល លើការធ្វើពាណិជ្ជ កម្មនិងការវិនិយោគ ជាពិសេសបានរៀបចំវេទិកាសន្និសីទ ស្ដីពី «ការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងក្រុងឆាងសា នៃប្រទេសចិន» នៅប្រទេសកម្ពុជានៅថ្ងៃនេះ។

លោកស្រី ខា ឡេង បានថ្លែងថា ឆ្នាំ២០២៣នេះ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន និងជាខួប លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយចំណងមិត្តភាពនេះនឹងនៅតែបន្តអភិវឌ្ឍកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ជាមិត្តភាពដែកថែបមិនអាចបំបែកបាន ប្រកបដោយភាពស្មោះត្រង់ រួមសុខរួមទុក្ខ ជាមួយគ្នា នៅគ្រប់កាលៈទេសៈទាំងអស់។ មួយវិញទៀត ចំណងមិត្តភាពកម្ពុជា-ចិន ក៏បានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែបទៅជាមិត្តភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរដ្ឋាភិបាលនៃ ប្រទេសទាំងពីរមានចក្ខុវិស័យប្តេជ្ញារួមគ្នាជម្រុញការកសាងសហគមន៍ជោគវាសនាតែមួយ ហើយកម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រ ដោយសម្រេចបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីជម្រុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

យោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ៩ ពាន់ ៩៩លាន ដុល្លារអាមេរិក ដោយក្នុងនោះ ទំហំនាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនប្រមាណ ១ពាន់ ៥៩លាន ដុល្លារអាមេរិក ហើយទំហំនាំចូលពីចិនមកកម្ពុជា គិតជាទឹកប្រាក់មានចំនួនជាង ៨ពាន់ ៤០លាន ដុល្លារអាមេរិក ចំណែកទំហំពាណិជ្ជកម្មសរុប ដោយប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅ មានចំនួន ៨ពាន់ ៧៩៦លាន ដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៣% ដែលជាសញ្ញាវិជ្ជមានយ៉ាងខ្លាំងចំពោះសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា- ចិន ហើយយើងក៏រំពឹងថាសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងនៅតែបន្តកើនឡើងបន្ថែមទៀត៕