(ភ្នំពេញ)៖ នៅសាលប្រជុំ ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំពិភាក្សារៀបចំផែនការសកម្មភាព សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមប្រចាំឆ្នាំ២០២៤ និងការរៀបចំផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាពរយៈពេល ៣ឆ្នាំរំកិល (២០២៥-២០២៧)។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សារៀបចំផែនការរយៈពេល២ថ្ងៃ ដែលមានការចូលពីលោករដ្ឋលេខាធិការប្រចាំការ លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រីប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ បានប្រព្រឹត្តទៅដោយរលូន ក្នុងនោះក៏មានការឡើងធ្វើបទបង្ហាញរបស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥ និងការឡើងបញ្ជាក់បន្ថែមរបស់ថ្នាក់ដឹកនាំក្រសួង ដែលទទួលបន្ទុកសម្របសម្រួលការងារតាមខេត្តគោលដៅ លើបញ្ហាប្រឈមផ្សេងៗទៀតដែលបាន និងកំពុងកើតមានឡើង។

ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍កោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ លោករដ្ឋលេខាធិការប្រចាំការ លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តមអគ្គាធិការ ជាពិសេស លោក លោកស្រី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់។

លោករដ្ឋមន្ត្រីបានបន្តថា ឆ្លងកាត់ការប្រជុំពិភាក្សារយៈពេលពីរថ្ងៃនេះ បានបង្ហាញឱ្យឃើញនូវស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមទាំងអស់ ធ្វើឱ្យកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមប្រចាំឆ្នាំ២០២៤ និងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល ៣ឆ្នាំរំកិល (២០២៥-២០២៧) បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល ៣ឆ្នាំរំកិល (២០២៥-២០២៧) នេះ នឹងក្លាយទៅជាផែនទីចង្អុលផ្លូវយ៉ាងសំខាន់សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនថែមទៀត ឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមទាំងអស់ត្រូវបំពេញភារកិច្ចដោយឈរ លើមូលដ្ឋានច្បាប់ ឋាននុក្រម និងគោលការណ៍ជាសាកល ប្រកបដោយប្រសិទ្ធភាព និងមានសុខដុមនីយកម្ម ស្របតាមការចាត់តាំង ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមាននវានុវត្តន៍ ដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាមួយនឹងការលើកទឹកចិត្ត និងទំនាក់ទំនងល្អ ជាគ្រួសារធនធានទឹកតែមួយ និងអភិវឌ្ឍន៍ខ្លួនឱ្យស្របតាមសភាពការណ៍រីកចម្រើនក្នុងតំបន់ និងបរិបទសាកល។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានថ្លែងនូវអំណរគុណ និងជូនពរដល់ លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ សូមជួបប្រទះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជ័យជំនះគ្រប់ភារកិច្ច៕