(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកានេះ បានផ្ញើសារអបអរសាទរក្រុមកីឡាការិនីវាយសីកម្ពុជា ដែលដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

ព្រឹត្តិការណ៍ BA Sea Regional Junior Championship 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង បានបញ្ចប់ជាស្ថាពរហើយ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានប្រតិភូ និងអត្តពលិក ៥ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា ឡាវ មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកើត ក្រោមការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី(BA) ។

ជាលទ្ធផលបច្ចេកទេសក្រុមអត្តពលិកកីឡាវាយសីម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧) ឈរលេខរៀងទី២ ក្នុងតារាងមេដាយ បន្ទាប់ពីមីយ៉ាន់ម៉ា ដែលដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៧គ្រឿង (មាស ១១ ប្រាក់ ៤ និងសំរឹទ្ធ ២) ។ រីឯក្រុមអត្តពលិកទីម័រខាងកើត ឈរលេខ៣ ឈ្នះមេដាយសរុប ១០គ្រឿង (ប្រាក់១ និងសំរឹទ្ធ៩) និងឡាវ ឈរលេខ៤ ឈ្នះមេដាយសរុប ៣គ្រឿង (ប្រាក់១ និងសំរឹទ្ធ៣) ៕