(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបាន និងបន្តកិច្ចសហប្រតិបត្តិការ បានយ៉ាងល្អរលូន លើកិច្ចការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស កិច្ចការចែករំលែកចំណេះដឹង បទពិសោធន៍ការងារជំនាញផ្នែកមន្ទីរពិសោធន៍ ផ្នែកស្រាវជ្រាវសំដៅ «ប្រយោជន៍សាធារណៈ និងសុខុមាលភាពប្រជាពលរដ្ឋ»

ការថ្លែងរបស់លោកសាស្ដ្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួបជាមួយមន្ត្រីថ្នាក់ដឹកនាំ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge, IPC) ដឹកនាំដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងបន្ដថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរួមចំណែកឆ្លើយតបប្រឆាំងការឆ្លងរាតត្បាតនៃកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ក៏ដូចក្នុងនាមជាមន្ទីរពិសោធន៍ទីមួយនៅកម្ពុជា ដែលអាចវិភាគធ្វើរោគវិនិច្ឆ័យបាន អាចផ្ទេរចំណេះដឹងទៅដល់ក្រុមការងារផ្សេងទៀត នៃវិស័យសុខាភិបាល។

ទន្ទឹមនឹងនោះក្រសួងក្រសួងសុខាភិបាល នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយខាងវិទ្យាស្ថាន ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ Pr André SPIEGEL បានជម្រាបថា សកម្មភាពការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផ្តោតលើគោលដៅចំនួន ៤ គឺ ១) ការស្រាវជ្រាវផ្នែកជីវវេជ្ជសាស្រ្ត ពិសេសផ្នែកជំងឺឆ្លង ២) ការគាំទ្រដល់ផ្នែកសុខភាពសាធារណៈក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ ៣) សេវាផ្នែកសុខាភិបាល (មន្ទីរពិសោធន៍ និងចាក់ថ្នាំបង្ការ) និង ៤)ការអប់រំសុខភាព។

លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ប្រធានបទវិទ្យាសាស្ត្រនានារបស់វិទ្យាស្ថាន ផ្តោតលើជំងឺឆ្លងនានា និងបញ្ហាសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ព្រមទាំងក្នុងតំបន់ ក្នុងនោះមានជំងឺឆ្លងដោយពួក arbovirus ដោយវីរុសផ្លូវដង្ហើម ជំងឺឆ្កែឆ្កួត HIV ជំងឺរលាកថ្លើមដោយវីរុស ជំងឺរបេង ជំងឺគ្រុនចាញ់ បញ្ហាភាពមេរោគស៊ាំ និងថ្នាំផ្សះ និងជំងឺឆ្លងពីសត្វមក មនុស្ស៕