(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា តុលាការនឹងបន្តនីតិវិធីស៊ើបអង្កេតចំពោះសំណុំរឿងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៉ី ដែលមិនចូលខ្លួនតាមការកោះហៅរបស់តុលាការចំនួន២លើក។
លោក លី សុផាណា បានឱ្យដឹងយ៉ាងដូច្នេះថា «ជនជាប់សង្ស័យឈ្មោះ ថាក់ ឡានី មិនបានចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅលើកទី២ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំំពេញ។ យើងសម្រេចបន្តចំណាត់ការស៊ើបអង្កេតរឿងក្តីនេះទៀត ដោយពិនិត្យលើពាក្យបណ្តឹង ភស្តុតាងនិងសាក្សីដែលមានប្រយោជន៍ ដល់ចំណាត់ការរឿងក្តីនេះ»។
លោកស្រី ថាក់ ឡានី បានបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ជុំវិញបណ្តឹងរឿងចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី បានអះអាងថា មូលហេតុដែលកូនក្តីរបស់លោក មិនចង់ចូលខ្លួនតាមការកោះហៅ របស់តុលាការ គឺដោយសារតែគាត់មានអភ័យឯកសិទ្ធិ ហើយថាកូនក្តីរបស់លោកចង់ឱ្យតុលាការ ស្នើលើកអភ័យឯកសិទ្ធិជាមុនសិន មុននឹងចាត់ការតាមនីតិវិធីណាមួយចំពោះ លោកស្រី ថាក់ ឡានី។
លោក សំ សុគង់ បានឱ្យដឹង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ថា «ដោយសារតែគាត់ជាសមាជិកព្រឹទ្ធសភាហ្នឹងហើយ ទើបបានជាគាត់មានបំណងមិនចង់ចូល គាត់ចាំឱ្យតុលាការអនុវត្តតាមនីតិវិធី តាមមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ។ ដើម្បីដំណើរការនីតិវិធីចំពោះបទល្មើសមិនជាក់ស្តែងអញ្ចឹង លុះត្រាតែមានការព្យួរ ឬលើកអភ័យឯកសិទ្ធិគាត់ជាមុនសិន ចាំឱ្យតុលាការកោះហៅ ឬធ្វើអ្វីតាមនីតិវិធីច្បាប់»៕