(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) និង មជ្ឈមណ្ឌលកម្ពុជា ៤.០ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការប្រារព្ធពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីភាពជាដៃគូ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ នៅទីស្នាក់ការរបស់ ម.ធ.ត ក្រោមអធិបតីភាព លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងលោក អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ព្រមទាំងមានការចូលរួមពីសំណាក់បុគ្គលិកនៃស្ថាប័នទាំង២ និង បេក្ខជនក្នុងកម្មវិធី Turing Hackathon រដូវកាលទី៥ ដែលសុទ្ធសឹងជាយុវជន ដែលមានបំណងបង្កើតធុរកិច្ចថ្មីផងដែរ។

គោលបំណង នៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និង ពង្រឹងភាពជាដៃគូរវាងស្ថាប័នទាំងពីរ ក្នុងការចូលរួមចំណែកជំរុញការកសាងសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា ដោយផ្តោតលើសកម្មភាពការងារសំខាន់ៗចំនួន ៣ រួមមាន ១៖ ការចែករំលែកនូវមាតិកាខ្លឹមសារឌីជីថល និង កៀរគរទេពកោសល្យឌីជីថល, ២៖ ការសហការ និង បង្កើតជាគម្រោង ឬអនុវត្តរួមគ្នានូវសកម្មភាពនានា និង៣៖ ការអភិវឌ្ឍ និង កសាងសមត្ថភាពរួមគ្នានៃស្ថាប័នទាំងពីរ។

នាឱកាសនោះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំង២ ក៏បានថ្លែងជាមតិសំណេះសំណាល ទៅកាន់អង្គពិធីទាំងមូលដោយបានរំលេចនូវចក្ខុវិស័យ និងបេសកម្មរួមគ្នាក្នុងការជំរុញការបញ្ជ្រាបការយល់ដឹងបន្ថែម ទៅដល់សាធារណជន ជាពិសេសយុវជន ដើម្បីឲ្យពួកគាត់យល់ដឹងបានកាន់តែច្រើនពីដំណើរវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ, អាចសម្របខ្លួនបានទាន់ពេលវេលាទៅតាមការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងអាចទាញយកផលប្រយោជន៍ជាអតិបរមាពីការប្រើប្រាស់បច្ចេកវិទ្យា។

បន្ថែមពីនេះ ក៏មានការលើកឡើងពីកម្មវិធីគាំទ្រធុរកិច្ចថ្មីផ្សេងៗ ដែលធុរជនអាចធ្វើការចូលរួមបាន ឬក៏ទាញយកជាប្រយោជន៍ ដើម្បីជំរុញដល់ការអភិវឌ្ឍនៃមុខជំនួញ ឬ ធុរកិច្ចថ្មីរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធ្វើការគាំទ្រដល់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ធុរកិច្ចថ្មី និង ធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា។ ម.ធ.ត. ផ្តោតលើមុខព្រួញសំខាន់ៗចំនួន ៥ រួមមាន៖ ការបណ្ដុះធុរកិច្ចថ្មី, សហគមន៍, ថ្នាលឌីជីថល, ការស្រាវជ្រាវ និង បរិវត្តកម្មឌីជីថលសហគ្រាស។

មជ្ឈមណ្ឌលកម្ពុជា ៤.០ គឺជាអង្គការមិនមែនរដ្ឋាភិបាល និង ត្រូវបានបង្កើតឡើងក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និង ភាគីពាក់ព័ន្ធក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ហើយមជ្ឈមណ្ឌល បាននិងកំពុងដើរតួជាប្រតិបត្តិករផង និងជាយន្តការប្រមូលផ្តុំផង ដោយមជ្ឈមណ្ឌលជាអ្នកអនុវត្តផ្ទាល់, ជាអ្នកផ្តល់ធាតុចូល និងប្រឹក្សាយោបល់ រួមទាំងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ទាំងផ្នែករដ្ឋ, ឯកជន និងអង្គការសមាគម ក្នុងការអនុវត្តសកម្មភាពការងារជាអាទិភាព ដូចជា សកម្មភាពបញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យាដល់ស្រទាប់មហាជន, ការបណ្តុះបណ្តាល និង តម្រង់ទិស តាមរយៈកម្មវិធីអក្ខរកម្មឌីជីថល, ការសិក្សាស្រាវជ្រាវដើម្បីផ្សព្វផ្សាយ និង ការអនុវត្តគម្រោងគំរូនានា៕