(សៀមរាប)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះវិហាររបស់វត្តរាជបូណ៌បានសាងសង់ឡើងតាំងពីសតវត្សទី១៨នៃគ្រិស្ដសករាជ។ ទាំងស្ថាបត្យកម្ម និងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិត និងមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។
នៅលើជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ (រាមកេរ្តិ៍) មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្នស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយដែលទាមទារឱ្យមានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា លោកស្រី ក៏ដូចជាពលរដ្ឋកម្ពុជា គឺពិតជាមានមោទនភាពបំផុតដែលបានចូលរួមក្នុងគម្រោងអភិរក្ស និងជួសជុលផ្ទាំងគំនូរបុរាណដ៏មានតម្លៃ និងកិត្យានុភាព។

លោកស្រី ភឿង សកុណា បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកជំទាវជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារគំនូរដ៏មានអត្ថន័យ និងមានតម្លៃទាំងនេះនៅតែរឹងមាំ។

ឯកអគ្គរដ្ឋទូតរដ្ឋឥណ្ឌា Devyani Khobragade ក៏មានប្រសាសន៍ដែរថា ការគាំទ្រលើគម្រោងអភិរក្ស និងជួសជុលគំនូរបុរាណក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ការគោរព និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ។

តាំងពីឆ្នាំ២០០៥មក អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិរក្ស និងថែរក្សាសំណង់ទាំងឡាយរបស់វត្តរាជបូណ៌ ហើយចាប់ពីឆ្នាំ២០១៤-២០២០ វត្តរាជបូណ៌ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌជាតិកម្ពុជា៕