(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការគ្រប់គ្រងដីសម្បទាន សង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនបន្ត និងការរៀបចំបែបបទឯកសារសុំអនុប្រយោគពីរាជរដ្ឋាភិបាលដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំវារាយការណ៍ពីស្ថានភាពនៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ដោយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អតីតយុទ្ធជនចំនួន១៤១ គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកក្បាលដី ក្នុងមួយគ្រួសារចំនួន១ហិចតាកន្លះ និងផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន  សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអាជ្ញាធរដែនដីខេត្ត/ស្រុក/ឃុំ និងបណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធដែលបានគាំទ្រនូវសកម្មភាពជួយដល់បងប្អូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះស្នាក់នៅមិនសមរម្យ ដើម្បីបានទៅរស់នៅទីនោះ។

លោក ងួន រតនៈ បានលើកឡើងថា ដើម្បីរកដំណោះស្រាយ និងវិធានការក្នុងការគ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជនឲ្យមានប្រសិទ្ធភាព ហើយមានវិធានការចំពោះអ្នកដែលរំលោភកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ នៅក្នុងតំបន់នោះ សម្រាប់ឲ្យពួកគាត់ប្រកបវិស័យកសិកម្មនៅលើដីសម្បទាននេះ។

លោក ងួន រតនៈ ណែនាំដល់រដ្ឋបាលខេត្តត្រូវរៀបចំសេចក្តីសម្រេចមួយឲ្យបានច្បាស់លាស់ដើម្បីគ្រប់គ្រងដែលមានខ្លឹមសារ៖

*ទី១៖ ត្រូវចាត់តាំងអភិបាលរងខេត្តមួយរូប រួមជាមួយមន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី និងអង្គភាព ដែលមានការពាក់ព័ន្ធ ត្រូវចុះទៅធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ ចំពោះអ្នកដែលបានរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីមានវិធានការ។

*ទី២៖ ត្រូវរៀបចំសំណុំបែបបទធ្វើអនុបយោគ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលបានកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនេះ។

*ទី៣៖ ជំរុញឲ្យមន្ទីរធនធានទឹកចុះទៅសិក្សាស្រាវជ្រាវដើម្បីរកវិធានការរំដោះទឹកកុំឲ្យមានការជន់លិចផ្ទះ និងដីលំនៅឋានរបស់បងប្អូនអតីតយុទ្ធជនដែលបានបង្កង្កើនផល ហើយត្រូវខូចខាតដំណាំដូចបណ្ដាឆ្នាំកន្លងទៅ និងដូចឆ្នាំនេះទៀត៕