(សៀមរាប)៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៅភូមិថ្មគោល អគារសិក្សា ១ខ្នង មានពីរបន្ទប់ សាងសង់អំពីថ្ម ប្រកសង័្កសី ស្ថិតនៅភូមិថ្មគោល ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ រ៉ូតារីក្លឹម រ៉ក់ខាមតុន ហ្វីតស្សអាយ តាមរយៈអង្គការចក្ខុវិស័យកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក ស្ទីវ រីឆាត តំណាងអង្គការ រ៉ូតារីក្លឹម រ៉ក់ខាមតុន ហ្វីតស្សអាយ រួចមក លោក ស៊ត់ ចិន្ថា ប្រធានប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានលើកឡើងថា អង្គការបានកំពុងរួមចំណែកយ៉ាងសកម្ម លើកវិស័យ អប់រំ និងផ្គត់ផ្គង់ស្បៀងអាហារ ព្រមទាំងការកសាងអគារសិក្សា នៅតាមមូលដ្ឋានជនបទ តាមបណ្តាស្រុកគោលដៅ ក្នុងខេត្តសៀមរាប ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

លោកបន្តថា ដោយមានមើលឃើញនូវភាពខ្វះខាត ជួបការលំបាករបស់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា បិងការ៉ា ថ្មគោល ដែលជាសាលាឧបសម្ព័នសាលាធិបតី ហើយពុំមានលទ្ធភាពទៅសិក្សា នៅសាលាឆ្ងាយៗ និងដោយអគារសិក្សានៅក្នុងភូមិ ខ្វះខាតនូវបន្ទប់សិស្សរៀនសូត្រ ដូច្នេះហើយ ទើបអង្គការសាងសង់អាគារសិក្សាថ្មីនេះឡើង ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។

លោកសង្ឃឹមថា អគារសិក្សានេះនឹងផ្តល់ដល់សិស្សានុសិស្សប្រកបដោយបរិស្ថាន សុវត្ថិភាព និងផាសុខភាពទៀតផង។ ដូច្នេះសូមសិស្សានុសិស្ស និងបងប្អូនជាអាណាព្យាបាលទាំងអស់ ចូលរួមជួយថែរក្សាអគារសិក្សាថ្មីនេះ និងប្រើប្រាស់ឲ្យបានគង់វង្សបានយូអង្វែងផងដែរ។

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថា ដើមី្បធានាគុណភាពនៃការអប់រំកម្រិត មតេ្តយ្យ បឋមសិក្សា និងអនុវិទ្យាល័យ ប្រមុខរាជរដ្ឋាភិបាល បានបង្កើឲ្យមានថ្នាក់មត្តេយ្យ និងបឋមសិក្សា នៅតាមភូមិ អនុវិទ្យាល័យតាមឃុំ ដែលមានសារៈសំខាន់សម្រាប់សិស្សានុសិស្សទាំងអស់នៅកម្ពុជា ដើមី្បកសាងមាគ៌ាអប់រំឆ្ពោះទៅដល់កម្រិតមធ្យមសិក្សាបឋមភូមិ។ លោកបន្តថា គោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យអប់រំជាអទិភាព ក្នុងការពង្រឹងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស។ សារៈសំខាន់នៃការកែលម្អរ បរិស្ថានអប់រំ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ 

លោក ស៊ិន ចាន់ថុល បានបន្តទៀតថា វិស័យអប់រំទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជន ពិតជាមានតួនាទីសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយផ្ទេរចំណេះដឹងដល់កុមារ យុវជន និងមនុស្សពេញវ័យ ឲ្យទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីជាឈ្នាន់សម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព។

លោក ស៊ិន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស លើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ល្អ ដែលឆ្លើយតបទៅនឹងសំណូមពរ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ មួយវិញទៀត គោលការណ៍នៃការអប់រំសម្រាប់ទាំងអស់គ្នា គឺទាមទារនូវលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ដែលផ្តល់ឱកាសសើ្មៗគ្នា ដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ទទួលបានការអប់រំមូលដ្ឋានក្នុងប្រព័ន្ធ និងការអប់រំក្រៅប្រព័ន្ធផងដែរ៕