(ព្រៃវែង)៖ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែង តំណាងអភិបាលខេត្ត នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី​ នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយលោក អ៊ុំ ប៉ូល័ក្ខ មកកាន់ដំណែងប្រធានច្រកថ្មី ជំនួសលោក ហាស់ ពណ្ណភ័ណ។

អភិបាលរងខេត្តព្រៃវែង បានស្នើប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារ ឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕