(សៀមរាប)៖ ប្រទេសអូស្ត្រាលី បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះវេទិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន (G-PSF) របស់កម្ពុជា នៅក្នុងកិច្ចប្រជុំរវាងតំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលស្ថាប័នទាំងពីរមានតួនាទីជាលេខាធិការដ្ឋាននៃវេទិកា។

នៅក្នុងកិច្ចប្រជុំនេះ អូស្ត្រាលីបានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសន្ទនា ដោយបើកចំហរ រវាងវិស័យសាធារណៈ និងវិស័យឯកជន ហើយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលជាវេទិកាដ៏សំខាន់សម្រាប់សម្របសម្រួលកិច្ចសន្ទនា រវាងភាគីពាក់ព័ន្ធនៅក្នុងវិស័យសារធារណៈ និងវិស័យឯកជន។

វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ និងទទួលបានការគាំទ្រ ពីរដ្ឋាភិបាលអូស្ត្រាលីចាប់ពី ឆ្នាំ២០០២ ដល់ឆ្នាំ ២០០៩។ ក្នុងចន្លោះពេលនោះ វេទិកានេះ ត្រូវបានគេទទួលស្គាល់ថា ជាវេទិការគំរូលំដាប់ពិភពលោកលើការអនុវត្តកិច្ចសន្ទនារ វាងវិស័យសាធារណៈ និងវិស័យឯកជន។ ចាប់ពីពេលនោះមក វេទិកានេះពង្រីកខ្លួនដោយមានការកើនឡើងនូវចំនួនក្រុមការងារពី ៦ ដល់ ១៤ក្រុម ដែលនេះសបញ្ជាក់ពីសារសំខាន់នៃកិច្ចសន្ទនារបស់វិស័យឯកជន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច។

លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាបានថ្លែងថា «វិស័យឯកជនរបស់កម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកានេះ គឺជាមធ្យោបាយដ៏មានតម្លៃសម្រាប់ពង្រឹងសមត្ថភាព និងពង្រីកសក្តានុពលវិស័យឯកជន ដោយជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន»

ការគាំទ្ររបស់អូស្ត្រាលីធ្វើឡើងតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់អូស្ត្រាលី គឺកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធី CAPRED កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងគោលបំណងបង្កើតវិធីសាស្រ្តអនុវត្តការងារដ៏ល្អប្រសើរ និងធានាឱ្យមានការចូលរួមប្រកបដោយបរិយាបន្ននៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននេះ។

កិច្ចប្រជុំពេញអង្គរបស់វេទិកានេះលើកទី១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕