(ហ្គោសហ្សាឡេស)៖ ទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាននៅរដ្ឋ Louisiana សហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្ស ស្លាប់ពេលនេះកើនឡើងដល់ ០៨នាក់ហើយ ដែលជាហេតុបង្ខំឲ្យអាជ្ញាធររដ្ឋ ប្រកាសដាក់តំបន់ជាច្រើនទៀតទៅក្នុង ការប្រកាសអាសន្ន។ នេះបើតាមការចេញផ្សាយនៅមុននេះ ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។

ភាគខាងត្បូងនៃរដ្ឋ Louisiana បានទទួលរងទឹកជំនន់ខ្លាំងជាងគេ ដែលបានបណ្តាលឲ្យលំនៅដ្ឋាន ៤០,០០០ខ្នង ត្រូវលិចលង់ ហើយកម្ពស់ទឹកក៏កំពុងកើនឡើងនៅតាមតំបន់មួយចំនួនទៀតផងដែរ។ លោក John Bel Edwards អភិបាលរដ្ឋ Louisiana បានថ្លែងក្នុងសន្និសីទព័ត៌មានដ៏បន្ទាន់មួយថា «យើងបានឃើញការកើនឡើងនៃកម្ពស់ ទឹកជំនន់ដែលមិនធ្លាប់មាន និងកំពុងតែសម្រុកខ្លាំងនៅភាគខាងត្បូងរដ្ឋ»។ ចំណែកឯមនុស្សស្លាប់ទាំង ០៨នាក់នោះវិញ គឺជាភាគច្រើនបណ្តាលមកពីការលង់ទឹក។

អាជ្ញាធររដ្ឋបានបន្ថែមទៀតថា ខណៈនេះមនុស្សជាង ៨,០០០នាក់កំពុងតែស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ហើយដោយឡែក ២០,០០០នាក់ទៀត ត្រូវបានក្រុមសង្គ្រោះជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ បច្ចុប្បន្នរដ្ឋ Louisiana កំពុងតែប្រើប្រាស់ជំនួយពីរដ្ឋាភិបាលសហព័ន្ធ ដើម្បីជួយសង្គ្រោះប្រជាជនជាបន្ទាន់ ដើម្បីបង្កាកុំឲ្យមាននរណាម្នាក់បាត់បង់ ជីវិតទៀត។ គួរបញ្ជាក់ថា ទឹកជំនន់បែបនេះ មិនធ្លាប់កើតមាននោះទេនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Louisiana៕