(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារវិស័យធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារ Korea Eximbank ដឹកនាំដោយលោកស្រី Minnie Chey នាយិកាប្រតិបត្តិប្រចាំប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារ Korea Eximbank លោកស្រី Minnie Chey នាយិកាប្រតិបត្តិប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាអំពីការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ក្រោមកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ក៏ដូចជាជួបសម្តែងការគួរសមលោកក្នុងតួនាទីថ្មីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារ Korea Eximbank ក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះធនាគារ Korea Eximbank ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសបានគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញឱ្យវិស័យអាទិភាពមួយនេះកាន់តែមានការរីកចម្រើន។

សូមជម្រាបថា បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមកម្ចីហិរញ្ញប្បទានពីធនាគារ Korea Eximbank ចំនួនបីគឺ៖ ទី១)៖ គម្រោងពហុបំណងទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបង កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៧០% ដែលរយៈពេលអនុវត្តគម្រោងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។ ទី២៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ១៤,៦% ដែលរយៈពេលអនុវត្តគម្រោងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។ និងទី៣៖ គម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង។

ក្នុងជំនួបពិភាក្សានេះ លោកស្រីនាយិកា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។ លោកស្រីនាយិកា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយម និងបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា។

ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល៕