(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស គូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលយោធិនវ័យក្មេង ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស បានបង្ហាញអំពីសមត្ថភាពយល់ដឹងលើគ្រប់វិស័យ ជាពិសេសទប់ទល់ឧបាយកលពួកអមិត្ត និងពួកប្រឆាំងដែលមានបំណងដណ្ដើមអំណាច ប្រាសចាកពីមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខសន្តិភាព។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សឹង សំណាង ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈជំនាញការិយាល័យទី៥ ប្រចាំឆមាសទី២ ឆ្នាំ២០២៣ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ក្នុងនោះក៏មានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង និងស្នងការផងដែរ។

ឧត្តមសេនីយ៍ទោ ហ៊ឹម សុទ្ធី ប្រធានស្នងការ នៃស្នងការដ្ឋានឃោសនា ព័ត៌មាន កងទ័ពជើងអាកាស បានឱ្យដឹងថាវគ្គសិក្សាអប់រំចិត្តសាស្ត្រ ឆមាសទី២ បានដំណើរការចាប់ពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា មាននាយទាហាន និងនាយទាហានរង ចំនួន២០៨នាក់ ក្នុងនោះគ្រូបង្គោល និងខ្សែរយៈជំនាញការិយាល័យទី៥ ចំនួន៥៩នាក់។

វគ្គអប់រំចិត្តសាស្ត្រឆមាសទី២ រួមមានខ្លឹមសារ៤មេរៀនក្នុងនោះមានច្បាប់ស្ដីពីការអនុវត្តរបបគោលនយោបាយសោធននិវត្តន៍ បាត់បង់សមត្ថភាពការងារ ពលីមរណៈ បង្កការស្លាប់បាត់ខ្លួន, ដំណើរការនយោបាយឈ្នះឈ្នះឈានទៅបញ្ចប់សង្គ្រាមទាំងស្រុង, សង្ខេបយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងអនុក្រមទាំង១១ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសរំលេចថា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ នៅតែបន្តកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាបាននូវកិច្ចការពារជាតិ ប្រកបដោយប្រសិទ្ធភាព រក្សាអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះលើកកម្ពស់សមត្ថភាពវិជ្ជាជីវ:របស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថជាដើម។

ក្នុងន័យនេះហើយ ដែលកងទ័ពជើងអាកាសតែងយកចិត្តទុកដាក់ដំណើរការបើកវគ្គអប់រំចិត្តសាស្ត្រ បំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ ស្របតាមផែនការរបស់ក្រសួងការពារជាតិ ជាក់ស្តែងចាប់ពីឆ្នាំ២០១៩ បានបើកវគ្គអប់រំចិត្តសាស្ត្រអប់រំគ្រូបង្គោលប្រមាណជា១០លើកកន្លងមកហើយ មានន័យថា ក្នុងមួយឆ្នាំត្រូវបើកវគ្គអប់រំចិត្តសាស្ត្រចំនួន២លើក។ ប្រទេសកម្ពុជា ស្ថិតទទួលបានសុខសន្តិភាពពេញលេញគ្រប់បណ្ដាអង្គភាពកងទ័ព បាននិងកំពុងយកចិត្តទុក ដាក់បណ្ដុះបណ្ដាលនាយទាហានវ័យក្មេង ឲ្យទទួលបាននូវធនធានមនុស្ស ដែលមិនអាចខ្វះបាន ដែលជាតម្រូវការចាំបាច់នៅក្នុងអង្គភាពទ័ពជំនាញ។

នៅចំពោះមុខនាយទាហាន នាយទាហានរង ដែលជាថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក៏ដូចជាគ្រូបង្គោលជាសិក្ខាកាម នាយឧត្តមសេនីយ៍ សឹង សំណាង បានលើកឡើងថា ដើម្បីឆ្លើយតបនឹងផែនការកំណែទម្រង់៥ឆ្នាំ របស់កងយោធពលខេមរភូមិន្ទ សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត ការកសាងធនធានមនុស្សប្រកបទៅដោយសមត្ថភាព និងវិជ្ជាជីវៈទៅតាមបទដ្ឋាន និងនិយាមបច្ចេកទេសអន្តរជាតិ គឺជាការងារចាំបាច់ និងទាមទារឲ្យមានការចូលរួមពីគ្រប់ស្ថាប័នជំនាញ និងនាយទាហានជាគ្រូបង្គោល ជាយោធាចារ្យ ដែលមានបច្ចេកវិទ្យាពិតប្រាកដ មានបទពិសោធន៍ខ្ពស់ច្បាស់លាស់ម៉ត់ចត់ ដែលជាកម្លាំងចលករដ៏សំខាន់ និងចាំបាច់ក្នុងការកសាងអង្គភាពរបស់ខ្លួន។

កន្លងមកនេះកងយោធពលខេមរភូមិន្ទ បានការពារ និងទប់ស្កាត់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព លើការប៉ុនប៉ងធ្វើភេរវកម្ម និងបង្កអស្ថេរភាពគ្រប់រូបភាព ចូលរួមប្រយុទ្ធយ៉ាងពេញទំហឹងទប់ស្កាត់ និងជំងឺរាតត្បាតកូវីដ១៩ រួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបានចូលរួមយ៉ាងសកម្ម ក្នុងការងារជំនួញមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយនានា។ ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏បានបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀត ក្នុងការចូលរួមក្នុងសកម្មភាពថ្នាក់អនុតំបន់ តំបន់ និងអន្តរជាតិ។

លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ក៏បានស្ដែងចេញនូវសកម្មភាពជាក់ស្ដែងរបស់ខ្លួន ដែលបាននិងកំពុងប្រកាន់ខ្ជាប់នៅជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី និងត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ស្កាត់វាយបំបាត់ឲ្យបានទាន់ពេលវេលានៅរាល់មហិច្ឆិតាទាំងឡាយណា ដែលប៉ុនប៉ងរំលោភឈ្លានពានមកលើទឹកដីកម្ពុជា តាមគ្រប់រូបភាព។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះអស់លោកជាគ្រូបង្គោល ជាយោធាចារ្យ ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការខិតខំបង្ហាត់បង្រៀន ដល់នាយទាហានទាំងអស់ និងសូមកោតសរសើរដល់ការប្រឹងប្រែងត្រង់ត្រាប់ក្រេបជញ្ជក់នៅរាល់ខ្លឹមសារមេរៀន ដែលនាយទាហានទាំងអស់ បានយកចិត្តទុកដាក់រហូតបានសម្រេចជោគជ័យ នាថ្ងៃបញ្ចប់វគ្គនាពេលនេះ។

តំណាងសិក្ខាកាមមួយរូប បានឡើងប្ដេជ្ញាចិត្ត អនុវត្តឲ្យបានម៉ឹងម៉ាតតាមគោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការនៃយោធពលខេមរភូមិន្ទ គោរពវិន័យ និងសាមគ្គីភាពឲ្យបានរឹងមាំ មិនជឿលើការញុះញង់ឃោសនាភូតកុហករបស់ពួកអមិត្ត និងពួកប្រឆាំង៕