(ក្រុងរីយ៉ូ)៖ ចំនួន ១០ប្រភេទកីឡាក្នុងព្រឹត្តិការណ៍ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល ត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយមានអត្តពលិកអាមេរិក បានកំពុងឈ្នះមេដាយ ៨៣គ្រឿង នាំមុខគេដដែល គិតត្រឹមថ្ងៃពុធនេះ។
យោងតាមគេហទំព័រ Rio 2016 បានចេញផ្សាយថា ទាំង១០ប្រភេទកីឡា ក្នុងចំណោម ២៨កីឡាដែលដាក់ឲ្យប្រកួតក្នុង Rio 2016 លើកទី៣១ ដែលបានបញ្ចប់រួមមានកីឡាបាញ់ធ្នូ កីឡាបាញ់កាំភ្លើង កីឡាជិះទូកកានូ កីឡាតេន្នីស កីឡាជិះកង់ កីឡាលើកទម្ងន់ កីឡាបាល់គប់ កីឡាយូដូ កីឡាហុកគីក្នុងសាល និងកីឡាប្រភេទសំដែង។
ជាមួយគ្នានោះដែរ ចំនួនមេដាយ ៦២៨គ្រឿង (មាស២០២ ប្រាក់២០២ និងសំរឹទ្ធ២២៤) ក៏បានធ្វើការបំពាក់ជូនអត្តពលិកជយលាភីរួចរាល់ផងដែរ ពីបណ្តាអត្តពលិកមកពី ៧៦ប្រទេស ដែលបានឈ្នះមេដាយក្នុង Rio Olympic Games 2016 នេះ។
សូមបញ្ជាក់ផងដែរថា ១៨ប្រភេទកីឡាដែលនៅសល់បានកំពុងតែប្រកួតយ៉ាងស្វិតស្វាញនៅលើទីលានទូទាំងប្រទេសប្រេស៊ីល ដោយនឹងបញ្ចប់ព្រមគ្នានៅថ្ងៃទី២១ សីហា ដែលជាថ្ងៃចុងក្រោយនៃ Rio 2016 នេះ ស្របពេល ៣ប្រភេទកីឡារបស់កម្ពុជាដែលមិនទាន់ប្រកួត នឹងចាប់ផ្តើមនៅថ្ងៃទី១៧ សីហា កីឡាបោកចំបាប់ កីឡាតេក្វាន់ដូ ប្រកួតថ្ងៃទី២០ សីហា និងចុងក្រោយគេ កីឡារត់ប្រណាំងម៉ារ៉ាតុង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦៕