(តាកែវ)៖ ដោយអសកម្មក្នុងការបូមទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវ តាមប្រឡាយមេហនុ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ពីព្រោះតែមូលហេតុដោយការធ្វើសំណង់កាត់ស្ទឹងតូច របស់មូលនិធិឃុំ ហើយ ធ្វើឲ្យស្ថានីយសម្តេចហ៊ុន សែនលេខ ២២-២៣ ពុំទាន់អាចបូមបាន ដោយកំរិតកំពស់ទឹកនៅទាបនោះ ជាវិធានការឆ្លើយតបភ្លាមៗ ដើម្បីជៀសវាងនូវផលប៉ះពាល់ដល់ស្រែ របស់បងប្អូនប្រជាកសិករ ដែលត្រូវទទួលទឹកពីប្រឡាយមេហនុមាន រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ បានសម្រេចវិធានការក្តៅ ដោយកាប់នូវទំនប់កាត់ស្ទឹងដែលឃុំធ្វើដើម្បីទប់បញ្ចាល់ទឹកធ្វើសំណង់ ដាក់ម៉ាសីុនចល័តបូមជំនួសជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦ និងប្រើប្រាស់អិចស្កាវ៉ាទរ័ដៃវែង ដើម្បីសំអាតកំប្លោក និងត្រឹម ធ្វើយ៉ាងណាឲ្យរំហូរទឹកហូរចូលដោយល្បឿនលឿន។
សូមបញ្ជាក់ជូនថា ទឹកដែលមាននៅក្នុងទំនប់៧មករា គឺមានបរិបូរណ៍សម្រាប់ផ្គត់ផ្គង់មកអាងទឹកទន្លេបាទី។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងថ ផ្ទៃដីបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករប្រមាណ ១៤.៥៥០ ហិកតា ស្ថិតក្នុងឃុំកណ្តឹង ចំបុី ពារាម ត្នោត ចំបក់ និងឃុំត្រពាំងសាប់ ស្រុកបាទី ខេត្តតាកែវ តែងតែប្រឈមនឹងកង្វះខាតទឹកស្ទើររៀងរាល់ឆ្នាំ ដោយសារតែពុំមានប្រភពទឹកសម្រាប់ផ្គត់ផ្គង់។
ដោយពិនិត្យឃើញបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការកែលំអឡើងវិញនូវប្រឡាយមេហនុមាន ប្រវែង ១១.៧០០ ម៉ែត្រ និងបានសាងសង់សំណង់សិល្បការមួយចំនួន ដើម្បីនាំទឹកពីទន្លេបាទី ទៅផ្គត់ផ្គង់ដីស្រែនៅតំបន់ខាងលើ ។ ការសាងសង់នេះ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា «ក្រោយពេលសាងសង់រួច និងមានទឹកស្ទើរពេញប្រឡាយ បងប្អូនប្រជាកសិករនៅតំបន់នោះ ក៏ចាប់ផ្តើមបង្កបង្កើនផលស្រូវវស្សាស្ទើរសព្វផ្ទៃដី។ តម្រូវការទឹកបញ្ចូលក្នុងស្រែ បានធ្វើឲ្យទឹកក្នុងប្រឡាយស្រកជាបន្តបន្ទាប់ រហូតដល់បាតប្រឡាយ ដែលបងប្អូនពុំអាចធ្វើការបូមដាក់ស្រែបាន បណ្តាលឲ្យស្រូវពង្រោះជាច្រើនហិកតាប្រឈមនឹងកង្វះខាតទឹកយ៉ាងខ្លាំង»។
លោកបានបន្តទៀតថា ជាទូទៅការខ្វះខាតបែបនេះត្រូវតែបំពេញឡើងវិញ ករណីខ្វះទឹកនៅប្រឡាយមេហនុមាននេះ ក៏ត្រូវតែបំពេញទឹកមកវិញដូចគ្នា ។ ក្រុមការងាររបស់ក្រសួង ក្រោមការដឹកនាំបញ្ជារបស់លោករដ្ឋមន្ត្រី បានចាត់ចែងបំពេញទឹកក្នុងប្រឡាយមេហនុមានឡើងវិញ តាំងពីដើមខែសីហា មកម្ល៉េះ ប៉ុន្តែ យើងមិនអាចធ្វើទៅបាន។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា «មូលហេតុគឺដោយសារ នៅលើដងស្ទឹងតូច ស្ថិតក្នុងឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អាជ្ញាធរឃុំព្រែករកា បានសាងសង់ស្ពានឆ្លងកាត់ស្ទឹង ០១ កន្លែង ( ថវិកាឃុំ ) ។ ដើម្បីសាងសង់ស្ពានបាន គឺត្រូវសង់ទំនប់កាត់ស្ទឹង ដើម្បីការពារកុំឲ្យទឹកហូរចូលកន្លែងសាងសង់ ។ ទំនប់នេះ ជាឧបសគ្គដែលធ្វើឲ្យទឹកមិនអាចហូរចូលទៅទន្លេបាទីបាន»។
ទោះជាបែបនេះក្តី ក្រុមការងារ បានខិតខំគ្រប់មធ្យោបាយ ដើម្បីបើកបង្ហូរទឹកឡើងវិញ ហើយសង្ឃឹមថា នឹងអាចនាំទឹកទៅសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ បានទាន់ពេលវេលា។
បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្តល់នូវកញ្ចប់ថវិកាមួយចំនួនដល់ឃុំ សង្កាត់ ដើម្បីឲ្យឃុំ សង្កាត់ មានលទ្ធភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ប្រឡាយទឹក ស្ពាន ផ្លូវលំ... នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ក្នុងន័យចូលរួមជាមួយមូលដ្ឋាន ជម្រុញការអភិវឌ្ឍឲ្យកាន់តែមានប្រសិទ្ធភាព កន្លងមក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្តទាំងអស់ ត្រូវជួយសិក្សាលើលក្ខណៈបច្ចេកទេស ក្នុងដែនភារកិច្ចរបស់ខ្លួនជូនឃុំ សង្កាត់ ដោយមិនយកកម្រៃ។
ជាថ្មីម្តងទៀត ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរឃុំ សង្កាត់ សូមទាក់ទងជាមួយមន្ទីរធនធានទឹក និងឧតុនិយម រាជធានី ខេត្ត។ មន្ត្រីធនធានទឹក នឹងចុះសិក្សាជូនដោយមិនយកកម្រៃ នូវរាល់គម្រោងដែលពាក់ព័ន្ធនឹងការងារទឹក។ ការធ្វើរបៀបនេះ គឺដើម្បីធានាបាននូវបច្ចេកទេសផង និងនិរន្តរភាពនៃការបែងចែកទឹកផង។
សូមបញ្ជាក់ជូនផងដែរថា ក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ ១៩៩៥ ក្រសួងបាន និងកំពុងសហការជាមួយភាគីជប៉ុន ដើម្បីឈានទៅអនុវត្តគម្រោងដ៏ធំមួយ គឺគម្រោងកែលម្អ ស្តារឡើងវិញ ប្រព័ន្ធស្រោចស្រព និងដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ។
បច្ចុប្បន្ន កំពុងបន្តនីតិវិធី លើការងារសិក្សាលំអិត។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ២៥.៨១០ ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ៕