(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា និងឆែក បានឯកភាពជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក

រវាងប្រទេសទាំងពីរ។

ជំហរនេះ បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាស លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតជូន លោក Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាង
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនឆែក ចំពោះជំនួយ និងការគាំទ្រដល់កម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា រួមមានវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀត៕