(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមក្នុងសន្និសីទអន្តរជាតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សប៉ារីស លើកទី១៨ ក្រោមប្រធានបទ «អាស៊ាន និងសិទ្ធិមនុស្ស៖ ទស្សនវិស័យ និងវឌ្ឍនភាព» ដែលប្រព្រឹត្តទៅនៅសកលវិទ្យាល័យ Paris Panthéon Assas នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមប្រព័ន្ធវីដេអូ។

ចំពោះសន្និសីទនេះ ក្នុងនាមជាតំណាងប្រទេសកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានេះទទួល បន្ទុកសិទ្ធិមនុស្ស (អាយឆា), ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើបទអន្តរាគមន៍លើប្រធានបទ «ចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនារបស់ស្ថាប័នអាស៊ានលើការការពារសិទ្ធិមនុស្ស»

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងការជំរុញការកសាងសហគមន៍អាស៊ាន តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការគោរពគោលការណ៍អធិបតយ្យភាព សមភាព បូរណភាពទឹកដី ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង កុងសង់ស៊ីស និងឯកភាពក្នុងពហុភាព។

ទន្ទឹមនឹងនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកពីយន្តការថ្នាក់តំបន់របស់អាស៊ាន ដែលមានអោយឆា ចូលរួមជាសកម្មក្នុងកិច្ចប្រឹងប្រែងករលើកកម្ពស់ និងការពារសិទិ្ធមនុស្សក្នុងតំបន់អាស៊ានកន្លងមក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធផងដែរ៕