(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ តុលាការកំពូល ប្រកាសបដិសេធការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ សាលដីកានេះ ប្រកាសកំបាំងមុខលោក អ៊ុុំ សំអាន តែចំពោះមុខមេធាវី ។
លោក អ៊ុំ សំអាន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង» ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស។
សូមជំរាបថា ការប្រកាសនៅព្រឹកថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីបើកសវនាការមួយព្រឹកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ហើយតុលាការកំពូល នឹងចេញសេចក្តីសម្រេចមួយលើសំណុំរឿង នៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន នៅថ្ងៃនេះ។ ដោយនៅពេលនេះតុលាការកំពូល បានបដិសេធហើយ៕