(ប៉េកាំង, ចិន)៖ គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា រួមមានអង្គភាពព័ត៌មាន Fresh News ផងដែរនោះ បានទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Huawei (Huawei R&D Center) នារដ្ឋធានីប៉េកាំង ប្រទេសចិន។

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្របពេលដែលវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជាលើកទី៣ រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (CASS) ត្រូវបានបញ្ចប់ ។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Huawei បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ Huawei Technologies Co., Ltd. ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ។ Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Huawei បានចំណាយប្រាក់ជាង ១៤០ពាន់លានដុល្លារអាមេរិកលើការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលក្នុងនោះ នៅឆ្នាំ២០២២ ក្រុមហ៊ុន Huawei បានចំណាយជាង ២៣ពាន់លានដុល្លារអាមេរិក សម្រាប់កិច្ចការស្រាវជ្រាវ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានយល់ច្បាស់អំពីយុទ្ធសាស្ត្រសាជីវកម្ម និងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន Huawei។

ក្រុមហ៊ុន Huawei បេ្តជ្ញាជួយអតិថិជនរបស់ខ្លួនឱ្យសម្រេចបាននូវអាជីវកម្មរបស់ពួកគេ ពាំនាំយកនូវឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់ផ្ទះ និងគ្រប់ស្ថាប័នសម្រាប់ពិភពលោកដែលមានទំនាក់ទំនងយ៉ាងពេញលេញ និងឆ្លាតវៃ និងលើកកម្ពស់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុនអន្តរជាតិចំនួន២៦៧ ក្នុងចំណោម ៥០០ក្រុមហ៊ុន ទូទាំងពិភពលោក។ Huawei មានបុគ្គលិកចំនួន ២០៧,០០០នាក់ និងមានប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង១៧០ ដោយមនុស្សជាង ៣ពាន់លាននាក់នៅជុំវិញពិភពលោក មានលទ្ធិភាពប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនរបស់ Huawei ។

ភាពអស្ចារ្យនៃបច្ចេកវិទ្យា 5G, Cloud និង AI ក៏ត្រូវបានយកមកបង្ហាញ និងបានឆ្លុះបញ្ចាំងអំពីភាពច្នៃប្រឌិតនាពេលបច្ចុប្បន្ន និងចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន Huawei សម្រាប់បម្រ់ឱ្យយុគសម័យឌីជីថលពេលអនាគត ។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ក្រុមហ៊ុន Huawei CLOUD បានបញ្ចេញផលិតផលសេវាកម្មរបស់ខ្លួនចំនួន៩ រួមមាន Landing Zone, CCI, Saas package, cloud on cloud, Gauss DB និង Pengu Industry Model ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei បានបង្ហាញពីការត្រៀមខ្លួន និងឆន្ទៈក្នុងការធ្វើការជាមួយបណ្ឌិត្យសភា និងវិស័យឧស្សាហកម្ម ដើម្បីស្វែងយល់ពីព្រំដែននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការច្នៃប្រឌិតឆ្ពោះទៅមុខ បង្កើតតម្លៃសម្រាប់ឧស្សាហកម្ម និងសង្គមទាំងមូល និងកសាងពិភពលោកឆ្លាតវៃឱ្យកាន់តែប្រសើរឡើង៕