(ភ្នំពេញ)៖ នៅក្នុងជំនួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ ដោយបិទទ្វារនៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងក្រើនរំលឹកជាថ្មីម្តងទៀត ទៅដល់មន្រ្តីនៅក្នុងខេត្ត ឲ្យជៀសវាងនូវការប្រើវប្បធម៌នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្តិ៣ កូន-ប្រពន្ធស័ក្តិ៤។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះថា «មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ត្រូវជៀសវាងការប្រើវប្បធម៍នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤»

ជាការកត់សម្គាល់ដើម្បីឲ្យការបម្រើសេវារបស់មន្រ្តីជូនដល់ប្រជាពលរដ្ឋប្រកបដោយភាពល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន តែងបាន តាស់តឿនជានិច្ចដល់មន្រ្តីក្រោមឱវាទ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋដោយឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ និង ប្រកបដោយកាយវិការសមរម្យ។ សម្តេចតេជោ ក៏តែងបានក្រើនរំលឹកដល់មន្រ្តីជាន់ខ្ពស់​ ឲ្យលុបបំបាត់ទម្លាប់កូន-ប្រពន្ធ យកអំណាចឪ ទៅប្រើកៀបសង្កត់អ្នកដទៃផងដែរ។

បើតាមទំព័រ Facebook របស់សម្តេចតេជោ ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីក្នុងខេត្តតាកែវ ដោយមិនមានវត្តមានឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលជាប្រធានក្រុមការងារចុះជួយខេត្តតាកែវ នាថ្ងៃម្សិលមិញនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ (សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប័ណ្ណកម្មសិទ្ធិដីធ្លី) និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿន សមស្រប និងមានប្រសិទ្ឋិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវសហការជាមួយភ្នាក់ងារពន្ឋដារ និងគយក្នុងការប្រមូលពន្ធអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់ការពារតំបន់អភិរក្ស ដូចជាភ្នំជីសូ ភ្នំតាម៉ៅ ជាពិសេសតំបន់ដែលទាក់ទាញទេសចរណ៍ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋអោយបានលឿនឆាប់រហ័ស។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ។ តាមផ្លូវឆ្ពោះទៅខេត្តតាកែវ សម្តេចតេជោ ក៏បានចូលសំណេះសំណាលជាមួយអាជីវករតាមផ្សារ និងសិស្សានុសិស្សតាមសាលានានាផងដែរ។ ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស ក្នុងខេត្តតាកែវ ដែលមានកំណើនឥតឈប់ឈរនោះ សម្តេចតេជោ បានឧបត្ថម្ភអគារសិក្សា ៦ខ្នង ស្មើនិង ៨៤បន្ទប់ ព្រមទាំងជួយចាក់សាបទីធ្លាសាលា និងសាងសង់តារាងបាល់ផងដែរ៕