នៅព្រឹកថ្ងៃនេះ ជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនដល់តុលាការវិញ ដើម្បីបន្តសំណុំរឿងនៅចៅក្រមស៊ើបសួរ (Video Inside)
17-08-2016 08:45
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស (ប្អូនជីដូនមួយរបស់តារាសម្តែង ខៀវ សុខខារ៉ាវី) នៅស្តាម៉ាត ក្បែរផ្សាររាត្រី ត្រូវបានបញ្ជូនដល់តុលាការវិញ ដើម្បីបន្តសំណុំរឿងនៅចៅក្រមស៊ើបសួរ។ (វីដេអូឈានដល់ការបាញ់សម្លាប់ប្អូនជីដូនមួយតារាសម្តែង ខៀវ សុខារ៉ាវីនៅខាងក្រោម)
សូមជំរាបថា ពីម្សិលមិញតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនដៃដល់ឈ្មោះ ផុន ភក្តី ជាអ្នកបាញ់សម្លាប់ប្អូន ខៀវ សុខារ៉ាវី ស្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្បែរផ្សាររាត្រី។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា «ក្រោយពីបញ្ចប់ការសួរចម្លើយ ការពិនិត្យឯកសារនិងភស្តុតាង លោក កុល បុន ជាព្រះរាជអាជ្ញារងបានសម្រេចបើកការសើបសួរដោយចោទប្រកាន់លើឈ្មោះ ផុន ភក្តី ពីបទ ហឺង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាព នៃជនរងគ្រោះ តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ»។ ចំណែកឈ្មោះ ខៀវ ថនវ៉ាន់ឌី និងឈ្មោះ និន រិន ហៅ អ៊ូក «ពីបទ ហឹង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ តាមមាត្រា ២១៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី»។
បច្ចុប្បន្នសំណុំរឿង និង ជនត្រូវចោទទាំង៣នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬ មិនឃុំខ្លួន ជនត្រូវចោទទាំង៣នាក់៕