(ប៉េកាំង, ចិន)៖ អ្នកកាសែតជើងចាស់កម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) លោក ពុយ គា បានលើកជាយោបល់ឱ្យចិនផលិតខ្សែភាពយន្ត «No More Bets» វគ្គ២ ដើម្បីស្ដារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសកេរ្តិ៍ឈ្មោះនៃខេត្តព្រះសីហនុ។

លោក ពុយ គា បានថ្លែងបែបនេះ នៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជា ដែលបានធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

«No More Bets» គឺជាខ្សែភាពយន្តឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលរៀបរាប់ពីរឿងរ៉ាវមនុស្ស ត្រូវបានជួញដូរទៅក្រៅប្រទេស និងបង្ខំឱ្យបោកប្រាស់តាមអ៊ីនធឺណិត។ ក្នុងភាពយន្តនេះ កម្ពុជាត្រូវបានគេបង្ហាញដោយប្រយោលថាជាប្រទេសដ៏មានគ្រោះថ្នាក់មួយ។ កាលពីចុងខែកញ្ញាកន្លងទៅ ក្រសួងវប្បធម៌ និងសិល្បៈនៃប្រទេសកម្ពុជា បានផ្ញើលិខិតទៅអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសចិន ដើម្បីដកភាពយន្តនេះពីការចាក់បញ្ចាំង ព្រោះវាបានធ្វើឱ្យយខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។

ក្នុងវេទិកាដែលមានការចូលរួមពីមន្ត្រីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន, លោក ពុយ គា បានលើកឡើងថា «កម្ពុជាត្រូវបានគេមើលឃើញថាជាអ្នករងគ្រោះមួយដោយសារខ្សែភាពយន្ត No More Bets។ ដូច្នេះ ខ្ញុំសូមយកឱកាសនេះធ្វើការផ្ដល់យោបល់ថា តើយើង [កម្ពុជា-ចិន] អាចជួយស្ដារទំនុកចិត្តនេះឡើងវិញបានដោយរបៀបណា»។

លោកបានបន្ថែមថា «ក្នុងនាមជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ខ្ញុំអាចសាកល្បងធ្វើជាស្ពានតភ្ជាប់ ដើម្បីឱ្យអ្នកផលិតខ្សែភាពយន្តរឿង No More Bets អាចមកផលិតវគ្គ២នៅកម្ពុជាដោយថតនៅខេត្តព្រះសីហនុ ដើម្បីមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ខេត្ត»។

ទន្ទឹមនឹងនេះ លោកបានបន្ថែមថា៖ «ទោះជាយ៉ាងណា ការថតរឿងនឹងមិនអាចធ្វើទៅបាននៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់នោះទេ ប៉ុន្តែអាចក្នុងរយៈពេល៣ខែ ឬ៦ខែ»។

ខេត្តព្រះសីហនុ ត្រូវបានជាត់ទុកជាតារារះនាភាគនិរតីនៃប្រទេសកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏សំខាន់របស់ប្រទេសទាំងពីរ ដោយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសបានចាប់យកឱកាសជាច្រើន ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ និងក្លាយជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៨ តំបន់សេដ្ឋកិច្ចពិសេសនេះបានរីកចម្រើនជាលំដាប់ ហើយបានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកវិនិយោគអន្តរជាតិ។ ជាមួយនឹងសហគ្រាសចំនួន១៧៥ មកពីប្រទេសផ្សេងៗ រួមមានប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍ តំបន់សេដ្ឋកិច្ចនេះបានបង្កើតឱកាសការងារជិត ៣០,០០០កន្លែង សម្រាប់សហគមន៍មូលដ្ឋាន និងបានជួយជំរុញឱ្យមានការរីកចម្រើនក្នុងតំបន់។

នៅក្នុងវេទិកានោះដែរ លោក ពុយ គា បានសសើរចំពោះជំនួយ និងការគាំទ្ររបស់ប្រទេសចិន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ជាពិសេសនៅក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបនឹងបើកឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។

លោក ពុយ គា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាប្រវត្តិសាស្ត្រ ទំនាក់ទំនងដ៏ល្អបានតដល់បីជំនាន់មកហើយ (អតីតព្រះមហាក្សត្រនរោត្តម សីហនុ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត)»។

អ្នកសារព័ត៌មានជើងចាស់រូបនេះ ក៏បានស្នើឱ្យភាគីចិនបើកច្រកឱ្យមានការផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជាទៅកាន់ប្រជាជនចិន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន។ លោកក៏បានជំរុញឱ្យមានការពង្រីកទីផ្សារនៅក្នុងប្រទេសចិន សម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាឱ្យបានច្រើនជាងពេលបច្ចុប្បន្ន៕