(ភ្នំពេញ)៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន សាជីវកម្មរចនាផ្លូវដែកនៃប្រទេសចិន (China Railway Design Corporation - CRDC) ដឹកនាំដោយលោក HE AIKUAN អនុប្រធានក្រុមហ៊ុន CRDC នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោក​ លោកស្រី​ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សា ពិនិត្យលទ្ធភាព និងឱកាសលើកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា ដែលជាចក្ខុវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងនោះដែរក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីសាវតា និងសមិទ្ធផលការងារដែលសម្រេចបាន ព្រមទាំងលទ្ធផលការសិក្សាបឋមមួយចំនួន ទាក់ទងនឹងការលើកកម្ពស់វិស័យផ្លូវដែកនៅកម្ពុជា ដែលខ្លួនបានសិក្សាជម្រាបដល់អង្គប្រជុំផងដែរ៕